អាមេរិក៖ មុនអង្គមហាសន្និបាតអ.ស.ប ចាប់បើកជាផ្លូវការ មានជំនួបក្រៅផ្លូវការ និងទ្វេភាគី ជាច្រើនត្រូវបានរៀបចំឡើង។ គួរឱ្យចាប់អារម្មណ៍ជាងគេ គឺជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស្ហ៊ីនហ្សូ អាបេ នៅល្ងាចមិញ។ ប្រមុខដឹកនាំទាំងពីរ បានជួបជជែកគ្នាអំពីវិបត្តិកូរ៉េខាងជើង ការពារជាតិ និងពិសេសអំពីបញ្ហាសង្គ្រាមពាណិជ្ជកម្ម។ ជប៉ុនជាក៏ចំណុចដៅ មួយដែលលោក ដូណាល់ ត្រាំ ក៏ចង់សើរើដំឡើងពន្ធគយនាំចូលដែរ។
ប្រធានបទនេះនឹងត្រូវលើកទៅពិភាក្សានៅក្នុងជំនួបផ្លូវការរវាងលោកត្រាំនិងលោកអាបេ នៅថ្ងៃពុធ ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិហេតុអ្វីអាមេរិកចង់រករឿងជប៉ុន ?លោក ដូណាល់ ត្រាំ ប្រើភាសាតែមួយ និងដដែលញយៗដងហើយ ថាជប៉ុននិងអាមេរិកមានគម្លាតឱនភាពពាណិជ្ជកម្មឆ្ងាយគ្នាពេក និងព្រមានចង់ឱ្យជប៉ុនសងវិញខ្លះ។
ប៉ុន្តែដោយពិតជាក់ស្តែងនោះ ឱនភាពពាណិជ្ជកម្មជាមួយជប៉ុន មិនធំខ្លាំងទេ ! គឺមានត្រឹមតែ៦៨,៨ពាន់លានដុល្លារ នៅឆ្នាំ២០១៧ ពោលគឺជប៉ុនស្ថិតនៅលំដាប់ទីបី បន្ទាប់ពីចិន (៣៧៥ពាន់លាន) និងម៉ិចស៊ិក (៧១ពាន់លាន) និងជាចំណែកដ៏តូចមួយបើប្រៀបទៅនឹងឱនភាពនាំចូលសរុបរបស់អាមេរិកជាមួយបណ្តាប្រទេសផ្សេងទៀតលើពិភពលោកចំនួន៧៩៦ពាន់លាន។ នៅ៧ខែដំបូងនៃឆ្នាំ២០១៨នេះ ឱនភាពនាំចូលជាមួយជប៉ុនមានកំរិត៤០ពាន់លានដុល្លារ។ នេះបើតាមស្ថិតិផ្លូវការអាមេរិក។
ជញ្ជីងពាណិជ្ជកម្មអាមេរិកជប៉ុន ផ្អៀងខ្លាំង ដោយសារការនាំចូលរថយន្តជប៉ុនមកអាមេរិក។ ជប៉ុននាំចូលគ្រឿងបន្លាស់រថយន្ត និងឡានទាំងមូលៗ មកលក់ឱ្យអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ឯរថយន្តអាមេរិកធំគ្រាក់ៗមិនសូវពេញនិយមសោះនិងមានលក់តិចតួចណាស់នៅលើទីផ្សារជប៉ុន។ ហេតុដូច្នេះហើយបានលោក ដូណាល់ ត្រាំ មិនសុខចិត្តនោះ។ ថ្វីបើជប៉ុនមិនយកពន្ធនាំចូលឡានអាមេរិក ដូចអាមេរិកយកពន្ធឡានជប៉ុន (២,៥%)មែន តែលោក ត្រាំបានបន្ទោសជប៉ុនថា មានរនាំងមិនមែនពន្ធគយតឹងតែងពេក។
ការចរចាចាប់ផ្តើមតាំងពីខែសីហាមក ភាគីទាំងពីរបានចាប់ផ្តើមចរចាគ្នា។ រដ្ឋមន្ត្រី សេដ្ឋកិច្ចទាំងពីរប្រទេស មានគម្រោងជួបគ្នាទៀត ជាលើកទីពី នៅទីក្រុងញូវយ៉ក នៅថ្ងៃនេះ។ ជប៉ុនទំនងជានឹងអាចព្រមធ្វើសម្បទានខ្លះព្រមចរចាពាណិជ្ជកម្មទ្វេភាគី តាមចំណង់អាមេរិក ឱ្យតែការពារវិស័យឧស្សាហកម្មរថយន្តរបស់ខ្លួនបាន។
ពេលនេះអាមេរិករបស់លោកត្រាំ មិនទាន់បង្ហាញឆន្ទៈច្បាស់លាស់ចង់សើរើដំឡើងពន្ធនាំចូលរថយន្តជប៉ុននៅឡើយទេ តែនៅពេលដោះស្រាយជាមួយចិននិងម៉ិចស៊ិករួច ច្បាស់ជាលោកត្រាំងាករករឿងជប៉ុនជាពុំខាន។ ហេតុដូច្នេះហើយបានលោកអាបេ ប្រឹងយកចិត្តលោកត្រាំ តាមរយៈការជួបទទួលទានអាហារពេលល្ងាចជាមួយគ្នា ចូលរួមជំនួបកំពូលជាមួយគ្នា ឬលេងកីឡាវាយកូនគោលរួមគ្នា។
ផលប៉ះពាល់ប្រសិនបើមានការដំឡើងពន្ធនាំចូលរថយន្តជប៉ុនការដំឡើងពន្ធនាំចូលរថយន្តលើជប៉ុន ជាអាវុធដ៏មានប្រសិទ្ធភាពបំផុតរបស់រដ្ឋបាលអាមេរិក ក្នុងការចរចាជាមួយជប៉ុន។ ព្រោះថាផលប៉ះពាល់សេដ្ឋកិច្ចអាចមានទំហំធំធេងណាស់ ! នេះបើតាមអ្នកជំនាញ។
ជប៉ុនមានក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តច្រើន ! ក្រុមហ៊ុនតូយ៉ូតា និងនីសាន់ ជាក្រុមហ៊ុនកំរិតពិភពលោកដ៏ល្បីល្បាញ ដែលលក់រថយន្តរាប់លានគ្រឿងនៅសហរដ្ឋអាមេរិក។ រថយន្តទាំងនោះផលិតមួយភាគនៅក្នុងប្រទេសជប៉ុន។ ដូច្នេះបើអាមេរិកសម្រេចដំឡើងពន្ធដល់២៥% ដូចអ្វីដែលអាមេរិកធ្វើជាមួយចិន នោះផលិតផលសរុបជប៉ុននឹងចុះអស់ប្រមាណពី០,៤ទៅ០,៥%។ ហើយក្រុមហ៊ុនរថយន្តពិតជាមិនព្រមរងការខាតបង់តែម្នាក់ឯងឡើយ។ តូយ៉ូតា គ្រោងថានឹងដំឡើងថ្លៃរថយន្តលក់នៅអាមេរិក ដល់ទៅ៦ពាន់ដុល្លារក្នុងមួយគ្រឿង។
ក្រុមហ៊ុនអាចមានជម្រើសងាកទៅផលិតឡាននៅលើទឹកដីអាមេរិកឱ្យបានច្រើនជាង ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពេលនេះមិនដូចកាលពីសាមសែសិបឆ្នាំមុនឯណា។ ក្រុមហ៊ុនជប៉ុនផលិតឡានជិតបួនលានគ្រឿងក្នុងមួយឆ្នាំនៅអាមេរិកនិងមានបុគ្គលិកបំរើដល់ទៅជាង១,៥លាននាក់ ទៅហើយ តើអាចពង្រឹងពង្រីងបន្ថែមប៉ុណ្ណាបានទៀត។ ក្រុមហ៊ុនជប៉ុនសល់ផ្លូវចំណេញតិចណាស់ក្នុងវិធីនេះ។
ការប្រើមធ្យោបាយសងសឹកដូចអ្វីដែលប៉េកាំងបានធ្វើ មិនមែនជាទស្សនវិស័យរបស់លោកស្ហ៊ីនហ្សូ អាបេ ទេ ព្រោះវានាំឱ្យខាតទាំងសងខាង។ តូក្យូទំនងជាប្រើប្រាស់ផ្លូវច្បាប់ ប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក OMC ដូចអ្វីដែលជប៉ុនធ្លាប់បានធ្វើក្នុងករណីអាមេរិកដំឡើងពន្ធនាំចូលថែកដែប កាលពីខែឧសភា។
ចុះតើជប៉ុនត្រូវធ្វើយ៉ាងដូច្នេះ ដើម្បីអាចគេចរួចពីសង្គ្រាមពាណិជ្ជកម្មជាយថាហេតុនេះ ?
គ្មានអ្វីក្រៅពីត្រូវប្រឹង និងបង្កើនការទិញឧស្ម័ន សម្ភារៈបរិក្ខារយោធា ព្រមទាំងផលិតផលអាមេរិកផ្សេងៗទៀត ដែលមិនប៉ះពាល់ខ្លាំងដល់ផលិតផលក្នុងស្រុក។
ហើយបើនៅតែមិនសមល្មមចិត្តអាមេរិកទៀត ជប៉ុនមានតែបង្ខំចិត្តបង្ហាញឆន្ទៈឈប់ចរចា។ តែអ្នកជំនាញសេដ្ឋកិច្ចម្នាក់ទៀតយល់ថា ប្រសិនបើជប៉ុនព្រមធ្វើសម្បទាន ជាពិសេសក្នុងវិស័យកសិកម្ម តែបន្តិច នោះទំនងជាអាមេរិកពេញចិត្ត។ តែបញ្ហានៅត្រង់ថាជប៉ុនមាននយោបាយគិតគូរការពារកសិកររបស់ខ្លួនខ្លាំងណាស់។ កសិកម្មជាប្រធានបទដ៏រសើបខ្លាំងនៅជប៉ុន៕
