ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌារបស់លោក ណារិនដ្រា ម៉ូឌី បានអះអាងបញ្ជាក់ នៅថ្ងៃចន្ទនេះ អំពីការគោរពកិច្ចសន្យាទិញយន្តហោះចម្បាំងរ៉ាហ្វាល់ដែលញូវដេលីបានចុះព្រមព្រៀងជាមួយក្រុងប៉ារីស កាលពីឆ្នាំ២០១៦ ។ សេចក្តីបញ្ជាក់នេះធ្វើឡើង ក្នុងខណៈពេលដែលគណបក្សសមាជ (គណបក្សប្រឆាំង) បានទាមទារឱ្យគណៈកម្មការសភាឥណ្ឌាបើកការស៊ើបអង្កេត និងត្រៀមរៀបចំបាតុកម្មបរិហារទង្វើរបស់រដ្ឋាភិបាល។
ក្រុមហ៊ុន Raliance ត្រូវបានជ្រើសរើសឱ្យធ្វើជាដៃគូរបស់ក្រុមហ៊ុនបារាំង Dassault ស្របតាមវិធានផ្ទៃក្នុងឥណ្ឌា ដែលតម្រូវឱ្យគ្រប់ក្រុមហ៊ុនបរទេសដែលចុះកិច្ចសន្យាវិស័យការពារជាតិជាមួយឥណ្ឌា ត្រូវធ្វើវិនិយោគជាមួយឥណ្ឌាក្នុងទំហំទឹកប្រាក់យ៉ាងហោច៣០% នៃតម្លៃកិច្ចសន្យាសរុប ! ឥណ្ឌាត្រូវតែរក្សា និងគោរពតាម អ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងរ៉ាហ្វាល់។ យន្តហោះចម្បាំងដំបូងដែលបារាំងនឹងដឹកមកប្រគល់មកឱ្យឥណ្ឌាចាប់ពីដើមឆ្នាំ២០១៩ទៅ នឹងអាចពង្រីកសមត្ថភាពប្រតិបត្តិការយោធាផ្លូវអាកាសបានប្រសើរឡើង ! នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុឥណ្ឌាទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក។
តំណាងរដ្ឋាភិបាលឥណ្ឌាបានចេញមុខអះអាងជាថ្មីបែបនេះ ខណៈដែលរឿងអាស្រូវ “រ៉ាហ្វាល់” ផ្ទុះរីករាលដាលកាន់តែធំ។ គណបក្សសមាជជាតិ ដែលជាគណបក្សប្រឆាំងបានប្រកាសដាក់សំណើទៅកាន់គណៈកម្មការសភាឱ្យបើកការស៊ើបអង្កេត និងប្រកាសចេតនាចង់រៀបចំធ្វើបាតុកម្ម ដើម្បីបរិហាររដ្ឋាភិបាលអំពីទង្វើលួចបន្លំទ្រង់ទ្រាយធំចាយលុយរដ្ឋ។
តាមការពិត បក្សប្រឆាំងបានទាមទារជាច្រើនខែមកហើយ ឱ្យរដ្ឋាភិបាលលោក ម៉ូឌី ពន្យល់អំពីជម្រើសយកក្រុមហ៊ុន Raliance ដែលក្រុមហ៊ុនឯកជនថ្មី គ្មានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មយន្តហោះសោះ ដោយមិនផ្តល់អាទិភាពនិងឱកាសឱ្យក្រុមហ៊ុនរដ្ឋទៅធ្វើវិនិយោគជាមួយក្រុមហ៊ុនបារាំង។ ប៉ុន្តែរឿងអាស្រូវនេះបានគាស់កកាយឱ្យផុលផុសខ្លាំងថែមទៀត ក្រោយពីអតីតប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ បានអះអាងការពារខ្លួនលោក កាលពីថ្ងៃសុក្រថាបារាំងគ្មានជម្រើសទេ បារាំងរើសយកអ្វីដែលឥណ្ឌាស្នើមកតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា បន្ទាប់ពីបានចរចាស្វែងរកទិញយន្តហោះចម្បាំងជាង១រយគ្រឿងមកធ្វើទំនើបកម្មវិស័យការពារជាតិអស់ជាច្រើនឆ្នាំមិនសម្រេច ឥណ្ឌាគ្រាន់តែមានលោកណារិនដ្រា ម៉ូឌី ឡើងកាន់អំណាចភ្លាមបានសម្រេចកិច្ចព្រមព្រៀង ទិញយន្តហោះរ៉ាហ្វាល់បារាំងចំនួន៣៦គ្រឿង តម្លៃ៨,៧ពាន់លានដុល្លារ ជាថ្នូរនឹងការនាំទឹកប្រាក់៤ពាន់លានដុល្លារទៅវិនិយោគ នៅឥណ្ឌាវិញ៕
