សម្ដេចតេជោ ហ៊ុន សែន ប្រកាសរក្សាឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះបរទេសណាទាំងអស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ប្រកាសរក្សាឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះបរទេសណាទាំងអស់

19/09/2018
(កំពង់ស្ពឺ)៖ ពីលើវេទិកាជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះបរទេសណាទាំងអស់ ដែលចង់មកកៀបកម្ពុជា​ព្រោះកម្ពុជាមានសិទ្ធិជាម្ចាស់ការលើខ្លួនឯង។

ប្រមុខនៃរាជរដ្ឋាភិបាល ដែលតែងតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំរូបនេះ បានគូសបញ្ជាក់ថា បរទេសអាច​មកពន្យល់កម្ពុជាបាន ហើយ​កម្ពុជាក៏មានសិទ្ធិគ្រប់គ្រាន់ ក្នុងការពន្យល់ត្រឡប់ទៅវិញដូចគ្នាដែរ ព្រោះប្រទេសនីមួយៗមានហេតុ និងផលផ្សេងៗពីគ្នាទាំងអស់ មិនអាចអាងខ្លួនជាប្រទេសធំចង់កៀបកម្ពុជាបានឡើយ។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសបន្ដអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី សរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះ​ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា «ទោះជាយ៉ាងណាក៏ដោយ យើងត្រូវរក្សាអធិបតេយ្យ និង​ឯករាជ្យរបស់យើង គ្មានអ្នកណាមកបញ្ជា យើងបាននោះទេ ហើយប្រសិនយើងឱនក្បាលមួយពេល ជំពាក់ត្រូវឱន១០០ពេលតទៅទៀត ខ្ញុំមិនឱនក្បាលដាក់អ្នកណាទាំងអស់ៗ»
ជាមួយគ្នានេះ សម្ដេចប្រមុខ នៃរាជរដ្ឋាភិបាល ក៏បានអះអាងថា នៅពេលសម្ដេចអញ្ជើញទៅអង្គការសហប្រជាជាតិ «និយាយត្រូវធ្វើការជាមួយគ្នា និយាយមិនត្រូវផ្អាកសិនទៅ ទុកទៅ បើនិយាយមិនត្រូវគ្នាហើយ អាហ្នឹងចាំបាច់និយាយធ្វើអីទៀត​។ ​អ្នកឯងពន្យល់ខ្ញុំ ខ្ញុំពន្យល់អ្នកឯង វាមានទៅវាមានមក អាហ្នឹងសមហេតុសមផល រដ្ឋអធិបតេយ្យវាដូច្នេះ វាអត់មានអាណាកៀបអាណាទេ លើលោកនេះវាគ្មានអាណាកៀបអាណានោះទេ» នៅទីក្រុងញូវយ៉ក អំឡុងចុងខែកញ្ញា សម្ដេចនឹងប្រាប់អគ្គលេខាធិការ អង្គការសហប្រជាជាតិថា សម្តេចបានត្រៀមកម្លាំងរួចហើយ ដើម្បីពង្រីកទៅកាន់ប្រទេសផ្សេងៗទៀត ក្នុងបេសកកម្មរក្សាសន្តិភាព។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅការឃោសនាអកុសលមួយចំនួនថា នឹងមានការដកអាសនៈរបស់កម្ពុជា ពីអង្គការសហប្រជាជាតិនោះ ដោយសម្ដេចបានចោទសួរត្រឡប់ទៅវិញថា ​តើនរណាថ្លើមធំ​ ហ៊ានដកអាសនៈរបស់កម្ពុជា ពីអង្គការសហប្រជាជាតិ? ដូច្នេះសូមប្រជាពលរដ្ឋ កុំមានការភ័ន្ដច្រឡំឲ្យសោះ ពោលគ្មានការដកអាសនៈរបស់កម្ពុជា ពីអង្គការសហប្រជាជាតិឡើយ។

បើតាមសម្ដេចតេជោ ហ៊ុន សែន នៅពេលសម្ដេចអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ ​សម្តេច​ក៏នឹងឡើងថ្លែងសុន្ទរកថាផងដែរ៕