សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ-កម្មការិនី កុំបិទផ្លូវដើម្បីតវ៉ាទាមទារបញ្ហាផ្សេងៗ ពីព្រោះវាជាសកម្មភាពខុសច្បាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ-កម្មការិនី កុំបិទផ្លូវដើម្បីតវ៉ាទាមទារបញ្ហាផ្សេងៗ ពីព្រោះវាជាសកម្មភាពខុសច្បាប់

19/09/2018
(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់កម្មករ-កម្មការិនីទូទាំងប្រទេសទាំងអស់ សូមកុំធ្វើសកម្មភាពបិទផ្លូវ ដើម្បីតវ៉ា ទាមទារនូវបញ្ហាផ្សេងៗ ដូចជា ករណីទាមទារប្រាក់សំណងរឿងថៅកែរត់ចោលជាដើម ពីព្រោះវាគឺជាសកម្មភាពខុសច្បាប់ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍​​ដល់អ្នកដទៃ ជាពិសេសរាំងខ្ទប់ ចំពោះអ្នកទាំងឡាយដែលកំពុងស្វែងរកសេវាសង្គ្រោះបន្ទាន់ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ បន្ទាប់ពីមានករណីកម្មករ-កម្មការិនី នៅរោងចក្រយីហោ «ជីម លី» ប្រមាណ៥០០នាក់ នាំគ្នាបិទផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពួកគេទាមទារឲ្យក្រសួងការងារ ជួយដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែរោងចក្របានរត់ចោល និងមិនបើកប្រាក់ខែឲ្យចំនួន២ខែមកហើយ។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី សរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ​ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្មួយៗ នៅតាមរោងចក្រនានា ពូស្នើសុំដោយត្រង់ ពូមិនឲ្យក្មួយៗ អត់លុយនោះទេ ចេញអស់២២លានដុល្លារ សហរដ្ឋអាមេរិករួចហើយ គ្រាន់តែថៅកែរត់ចោទ ឥលូវបើថៅកែរត់ចោទ យើងទៅបិទផ្លូវទៀត មិនមែនសម្លាប់ថៅកែឯណា សម្លាប់អ្នកធ្វើចរាចរណ៍...លុយគង់តែដោះស្រាយទេ តែកុំទៅលេងបិទផ្លូវ»

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា «បើយើងបិទផ្លូវខុសច្បាប់ ក៏វាខុសទៅហើយ ក៏ប៉ុន្ដែខាងផ្នែកសីលធម៌ យើងក៏ត្រូវយល់ នៅត្រង់ថា ស្រាប់តែកំពុងធ្វើចរាចរណ៍ មនុស្សដែលកំពុងគ្រោះថ្នាក់ ត្រូវការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យត្រូវគាំងផ្លូវដោយសារតែកម្មករបិទផ្លូវ អ្នកឆ្លងទន្លេ កើតកូនមិនរួច ត្រូវទៅមន្ទីរពេទ្យ ដើម្បីវះកាត់ បែរជាស្លាប់នៅលើរថយន្ដ»
សម្ដេចតេជោ បានលើកឡើងទៀតថា «តើនរណាទទួលខុសត្រូវខាងសីលធម៌ យ៉ាងហោចណាស់ បើមិននិយាយខាងផ្លូវច្បាប់ និយាយពីការទទួលខុសត្រូវ ខាងសីលធម៌ យើងច្បាស់ជាមានកំហុស យើងបានសម្លាប់ដោយប្រយោល ចំពោះអ្នកដែលបានស្លាប់នៅលើរថយន្ដ ដែលកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់កន្លែងសង្គ្រោះ»

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រឿងនេះ ពូសូមធនាអះអាងថា រឿងប្រាក់ដើម្បីដោះស្រាយ ឲ្យកម្មករ-កម្មការិនីរបស់យើង ដែលមុននេះជំពាក់យ៉ាងច្រើន ឥលូវជំពាក់ទៀត ប៉ុន្ដែយើងចាប់ផ្ដើម ធ្វើវិសោធកម្មច្បាប់៦ខែ យើងបើកជូនម្ដង...ថៅកែពូកែរត់ពេក ឲ្យតែជំពាក់ច្រើន ដឹងតែរត់តែម្ដងឥលូវអត់ទេ ៦ខែបើកម្ដងៗ បើសិនជាជំពាក់ ក៏ជំពាក់មិនច្រើនប៉ុន្មានដែរ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្មករ-កម្មការិនីនៅរោងចក្រយីហោ «ជីម លី» ជាង៥០០នាក់ បានបិទផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពួកគេទាមទារឱ្យក្រសួងការងារដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែរោងចក្របានរត់ចោល និងមិនបើកប្រាក់ខែឱ្យចំនួន២ខែមកហើយ។

ក្រោយមានហេតុការណ៍នេះ កើតឡើងមន្រ្តីក្រសួងការងារ និងអាជ្ញាធរ បានប្រកាស និងដោះស្រាយជូនពួកគាត់​ ដោយសន្យាថា នឹងយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាល ទៅបើកជូនពួកគាត់ នៅមុនបុណ្យភ្ជុំបិណ្ឌ រហូតធ្វើឲ្យពួកគាត់យល់ព្រមបើកផ្លូវឡើងវិញ៕