សហរដ្ឋអាមេរិក៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ គឺជាខួបគម្រប់ឆ្នាំទី១០ នៃការដួលរលំធនាគារវិនិយោគធំបំផុតទីបួនរបស់សហរដ្ឋអាមេរិក “Lehman Brothers”។ វាជាព្រឹត្តិការណ៍មួយដែលអ្នកសេដ្ឋកិច្ចជាទូទៅឱ្យឈ្មោះថា “ការចាប់ផ្តើមនៃវិបត្តិហិរញ្ញវត្ថុសាកល”។ ការក្ស័យធនរបស់ធនាគារមួយនេះ ភ្លាមៗ យ៉ាងតក់ក្រហល់ បានបង្កឱ្យមានវិបត្តិដល់ប្រព័ន្ធធនាគារ និងទីផ្សារហិរញ្ញវត្ថុសាកលទាំងមូល។ សេដ្ឋកិច្ចសាកលបានធ្លាក់ចូលក្នុងវិបត្តិ ដោយអត្រាកំណើននៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) បានធ្លាក់ចុះពី ៥,៦ភាគរយ នៅឆ្នាំ២០០៧ មកត្រឹម ០,១ភាគរយក្នុងឆ្នាំ២០០៩។
តើមានតុល្យការចម្បងអ្វីខ្លះសម្រាប់សេដ្ឋកិច្ចសាកលទាំងមូលក្នុងរយៈពេល១០ឆ្នាំនេះ?ការកើនឡើងបំណុលសាធារណៈសាកលបំណុលសាធារណៈសាកលធៀបនឹងផលិតផលក្នុងស្រុកសរុបបានកើនឡើងប្រមាណ ២៦ ភាគរយ គិតចាប់ពីឆ្នាំ២០០៧។
ក្នុងនោះ បំណុលរបស់ប្រទេសអភិវឌ្ឍបានកើនឡើងយ៉ាងគំហុកប្រហែល ៤១ភាគរយ ធៀបនឹង ១២ភាគរយ ក្នុងប្រទេសកំពុងអភិវឌ្ឍ។ ទៅថ្ងៃអនាគតខាងមុខ កម្រិតបំណុលដ៏ធំធេងនេះ ទំនងជានឹងមិនងាយធ្លាក់ចុះវិញដោយងាយស្រួលទេ ព្រោះថាឱនភានភាពថវិកានៃប្រទេសនីមួយៗក្នុងពិភពលោក ជាមធ្យម នៅតែបន្តមានវត្តមាន។
កំណើនថមថយនៃសេដ្ឋកិច្ចសាកលធៀបពីមុនមានវិបត្តចំពោះកំណើនសេដ្ឋកិច្ចសាកល យោងតាមអ្នកជំនាញ បើទោះបីជា រហូតមកដលពេលបច្ចុប្បន្ន សេដ្ឋកិច្ចសាកលបានងើបឆ្លងផុតពីវិបត្តិជាស្ថាពរហើយក៏ដោយ តែអត្រាកំណើនជារួម ធៀបនឹងមួយទសវត្សរ៍មុន នៅមានកម្រិតទាបជាង។
យោងតាមរបាយការណ៍របស់ស្ថាប័ន J.P. Morgan កំណើនសេដ្ឋកិច្ចសាកលបានធ្លាក់ចុះក្នុងអត្រាប្រមាណ ០,៣ភាគរយ ជារៀងរាល់ឆ្នាំ ធៀបពីមុនពេលមានវិបត្តិ។ ជាឧទាហរណ៍ ក្នុងករណីប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ី កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧ មានប្រមាណតែ៦ភាគរយប៉ុណ្ណោះ ធៀបនឹង ៨,៣ភាគរយនៅឆ្នាំ២០០៧។
វិបត្តិតំបន់ចាយប្រាក់អ៊ឺរ៉ូ និងសហភាពអឺរ៉ុបនៅបណ្តាប្រទេសអឺរ៉ុបឯណោះវិញ វិបត្តិហិរញ្ញវត្ថុសាកលបានរុញច្រានតំបន់មួយនេះឱ្យធ្លាក់ចូលក្នុងវិបត្តិប្រាក់អ៊ឺរ៉ូ បំណុលសាធារណៈ និងការកើនឡើងអត្រានិកម្មភាព។ ប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេមាន ក្រិក និងអៀរឡង់ និងក្រោយមក ព័រទុយហ្គាល់ អ៊ីតាលី និងអេស្ប៉ាញ។
អត្រានិកម្មភាពបច្ចុប្បន្នរបស់យុវជនមានលើសពី៤០ភាគរយ ក្នុងបណ្តាប្រទេស អ៊ីតាលី ក្រូអាស៊ី ក្រិក និងអេស្ប៉ាញ។ រីឯ ក្នុងប្រទេសអឺរ៉ុបទាំង ២៨ វិញ យ៉ាងហោចណាស់ ក៏យុវជនគ្មានការងារធ្វើ មានប្រមាណច្រើនជាង ២០ភាគរយដែរ។ ទោះជាស្ថានភាពជារួមហាក់មានភាពល្អប្រសើរ រហូតមកដល់ពេលបច្ចុប្បន្ន ក៏ជាបញ្ហាសេដ្ឋកិច្ចចម្បងៗ និងការបែងបាក់ផ្ទៃក្នុង នៅតែបន្តតាមលងបន្លាចប្រទេសសមាជិកទាំងមូល។ បញ្ហាទាំងនេះបាននិងកំពុងធ្វើឱ្យមានការកើនឡើងសម្លេងគាំទ្រ នយោបាយជាតិនិយម “Protectionnisme” និង នយោបាយ “Populist” ឬជាទំនោរនយោបាយប្រឆាំងនឹងក្រុមពលរដ្ឋអ្នកមាន ឬស្ថាប័នក្រុមហ៊ុនធំ នៅអឺរ៉ុបទាំងមូល។
ទម្ងន់សេដ្ឋកិច្ចក្នុងតំបន់អាស៊ីកំពុងកើនឡើងឥតឈប់ឈរសម្រាប់ករណីប្រទេសនៅតំបន់អាស៊ី ផលអវិជ្ជមានអាចមានដោយផ្ទាល់ ឬប្រយោល ក៏ប៉ុន្តែទំហំនៃផលប៉ះពាល់នៅមានទំហំតូចណាស់ធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិក។
ក្នុងរយៈពេល១០ឆ្នាំនេះ ទម្ងន់សេដ្ឋកិច្ចអាស៊ីបានកើនឡើងក្នុងទំហំដ៏ធំធេង ក្នុងសេដ្ឋកិច្ចសាកល។ យោងតាមរបាយការណ៍របស់ The Foreign Policy ផលិតផលក្នុងស្រុកសរុបរបស់អាស៊ីបានកើនច្រើនជាង មួយភាគបី នៃសេដ្ឋកិច្ចសាកល គឺជាទំហំធំជាងតំបន់ផ្សេងណាៗទាំងអស់លើពិភពលោក។
ផ្អែកតាម Forum Économique Mondial អាស៊ីរួមចំណែកប្រមាណ ៣០ភាគរយ ក្នុងពាណិជ្ជកម្មអន្តរជាតិ ដោយទំហំនេះកើនឡើង ប្រមាណជាងប្រាំដងធៀបនឹងឆ្នាំ២០០២។ កំណើនចំនួនពលរដ្ឋមានចំណូលមធ្យម បានកើនឡើងក្នុងអត្រាមួយនឹកស្មានមិនដល់។ បច្ចុប្បន្ន ពលរដ្ឋអាស៊ីដែលអាចរកចំណូលបានចន្លោះពី ១០ ទៅ១០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ មានចំនួន ៥០០លាននាក់ ហើយតួលេខអាចកើនឡើងរហូតដល់ ១,៧៥ពាន់លាននាក់នៅឆ្នាំ២០២០។ នេះវាមានន័យថា ចំនួនគឺច្រើនជាងប្រជាជនអឺរ៉ុបសរុបទាំងមូលទៅទៀត៕
