លោក ឈាង វុន៖ ការបាត់បង់ទីផ្សារអង្កររបស់អ៉ីតាលីនៅអឺរ៉ុប ជាហេតុនាំឲ្យមានការពិភាក្សារឿងដកការអនុគ្រោះពន្ធទំនិញកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ឈាង វុន៖ ការបាត់បង់ទីផ្សារអង្កររបស់អ៉ីតាលីនៅអឺរ៉ុប ជាហេតុនាំឲ្យមានការពិភាក្សារឿងដកការអនុគ្រោះពន្ធទំនិញកម្ពុជា

18/09/2018
(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានលើកឡើងថា ការពិភាក្សារបស់សភាអឺរ៉ុបលើការដកអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា មិនមែនធ្វើឡើងក្រោមហេតុផលលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ គ្រាន់តែជាលេសមួយរបស់ប្រទេសអ៉ីតាលី ដែលចង់រាំងខ្ទប់ទីផ្សារអង្កររបស់កម្ពុជានៅទីផ្សារអឺរ៉ុបតែប៉ុណ្ណោះ។

ក្នុងកិច្ចផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃរដ្ឋសភានៅថ្ងៃទី ១៧ខែ កញ្ញាឆ្នាំ ២០១៨ លោកលោក ឈាង វុន បានអះអាងថា ការពិភាក្សាលើការដកអនុគ្រោះពន្ធទំនិញរបស់កម្ពុជានៅលើទីផ្សារអឺរ៉ុប ត្រូវបានផ្តួចផ្តើមឡើងដោយលោកស្រី Federica Mogherini រដ្ឋមន្ត្រីក្រសួងការបរទេសអ៉ីតាលី។ បើតាម លោក ឈាង វុន ការផ្តួចផ្តើមគំនិតរបស់លោកស្រី Federica Mogherini គ្រាន់តែជាចេតនាស្វែងរកប្រយោជន៍សម្រាប់អ៉ីតាលី ដើម្បីកម្ចាត់ទីផ្សារអង្កររបស់កម្ពុជា ដែលជាអ្នកសម្លាប់ទីផ្សារអង្កររបស់អ៉ីតាលីនៅអឺរ៉ុបតែប៉ុណ្ណោះ។
លោក ឈាង វុន បានរំលឹកថា ប្រទេសអ៉ីតាលី ជាប្រទេសផ្គត់ផ្គង់អង្ករដ៏ធំមួយនៅអឺរ៉ុប តែក្រោយមកអង្ករកម្ពុជាបាននាំទៅកាន់អឺរ៉ុបក្នុងតម្លៃទាបជាងអ៉ីតាលីដល់ទៅ៣ដង ជាការធ្វើឲ្យអង្កររបស់អ៉ីតាលីបាត់បង់ទីផ្សារ និងបាត់បង់ចំណូលដ៏ធំមួយ ហើយក៏ជាហេតុនាំឲ្យអ៉ីតាលី ជាពិសេសលោកស្រី Federica Mogherini ខឹងសម្បាជាមួយកម្ពុជាផងដែរ

លោក ឈាន វុន បានហៅការផ្តួចផ្តើមគំនិតពិភាក្សាលើការដកអនុគ្រោះពន្ធពីសំណាក់លោកស្រី Federica Mogherini គឺគ្រាន់តែជាចេតនាសងសឹកជាមួយកម្ពុជាប៉ុណ្ណោះ មិនមែនព្រោះតែហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះឡើយ។

លោក ឈាង វុន ក៏បានឆ្លៀតហៅក្រុមរបស់លោក សម រង្ស៊ី ដែលអំពាវនាវឲ្យអឺរ៉ុបដកការអនុគ្រោះពន្ធលើទំនិញកម្ពុជា គឺជាគំនិតក្បត់ប្រយោជន៍ជាតិសាសន៍ឯង សម្លាប់ប្រជាកសិករខ្មែរ ដើម្បីជួយសម្រេចមហិច្ឆតារបស់អ៉ីតាលី ដែលជាជាតិសាសន៍ដទៃ៕