(បច្ចេកវិទ្យា)៖ កាលពីថ្មីៗនេះ យើងបានចុះផ្សាយនូវ ព័ត៌មានលេចធ្លាយមួយ ដែលបង្ហាញពីរូបរាងគម្រូ Razer Phone 2 ជាមួយរចនាបថ នៅផ្នែកអេក្រង់ខាងមុខ។ អ្វីដែលយើងបានឃើញនោះ គឺថាទូរសព្ទប្រភេទ Gaming ជំនាន់ថ្មីនេះ ដូចគ្នាសឹងទាំងស្រុងជាមួយនឹង Razer Phone ជំនាន់ទី 1 ដោយមិនមានកែប្រែអ្វីទាំងអស់ ទាំងទំហំអេក្រង់ និងខ្នាតគែមលើក្រោមរបស់វា។
យ៉ាងណា យើងជឿជាក់ថា មិត្តអ្នកអានទាំងអស់គ្នា ក៏ប្រហែលជាចង់ដឹង តើស្មាតហ្វូន Razer Phone 2 នឹងបង្ហាញខ្លួន ប្រកាសជាផ្លូវការ នៅថ្ងៃណា? ខែណា? ផងដែរ!
នៅក្នុងថ្ងៃនេះដែរ យើងក៏ទទួលបានដំណឹងល្អ ជាថ្មីមួយទៀត នោះគឺការប្រកាសអោយដឹង ពីថ្ងៃដាក់បង្ហាញ ផលិតផលជំនាន់ថ្មី របស់ក្រុមហ៊ុន Razer ជាផ្លូវការ ដែលគេបានសន្មត់ថា វាអាចជាទូរសព្ទម៉ូឌែល Razer Phone 2។
ជាការពិតណាស់ Razer បានចេញលិខិតអញ្ជើញ រួមជាមួយផ្ទាំងរូបភាព ដោយបានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី 10 ខែ 10 (តុលា) ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ ដែលខាងក្រុមហ៊ុន នឹងធ្វើការដាក់បង្ហាញ ផលិតផលជំនាន់ថ្មី លំដាប់កំពូល និងជាប្រភេទ Gaming ដើម្បីអោយពិភពលោកបានឃើញ និងបានទិញ យកទៅប្រើប្រាស់។
ដូច្នោះ សម្រាប់ប្រិយមិត្ត ដែលកំពុងតែរង់ចាំវត្តមាន ស្មាតហ្វូន Gaming ជំនាន់ទី 2 របស់ក្រុមហ៊ុន Razer នោះ អាចធ្វើការកត់ចំណាំ ថ្ងៃដែលគេបានបង្ហាញ ដូចនៅខាងលើបាន។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗ យើងទាំងអស់គ្នា នឹងបានដឹងច្បាស់ នៅពេលដែលទូរសព្ទនេះ ប្រកាសចេញជាផ្លូវការ។
