(បច្ចេកវិទ្យា)៖ iPhone ជំនាន់ថ្មីនឹងចេញលក់នៅខែកញ្ញានេះតែម្ដង មានចំនួន 3 ម៉ូឌែល តាមការជ្រើសរើស ហើយប្រិយមិត្ត មិនតិចនោះទេ នៅស្រុកខ្មែរយើងនេះ បានកំពុងដក់ចិត្ត លង់ស្នេហ៍ជាមួយនឹង ទូរសព្ទវៃឆ្លាតថ្មីពីក្រុមហ៊ុន ផ្លែប៉ោមមួយនេះ។ ដូចរាល់ឆ្នាំអញ្ចឹង នៅពេល iPhone ស៊េរីថ្មី ចូលដល់ទីផ្សារភ្លាម វាមានតម្លៃ ថ្លៃហួសប្រមាណ គឺថ្លៃជាងទីផ្សារអន្តរជាតិ ខ្លាំងណាស់ តែតម្លៃនោះ ក៏នឹងស្រកទៅវិញ បន្តិចម្ដងៗដែរ ជាឱកាសសម្រាប់អ្នក ចង់មានប្រើ ចាប់ផ្ដើមជះលុយ រាប់ពាន់ដុល្លារទិញវា។
សម្រាប់ក្ដារថ្មី ជាមួយនឹង iPhone 10 កន្ទុយ S (មិនរាប់បញ្ចូល XR) ក៏មិនខុសគ្នា ប៉ុន្មានដែរ បើធៀបទៅនឹង iPhone X ចេញ កាលពីឆ្នាំទៅ ដោយតម្លៃជាក់ស្ដែង Apple ចេញលក់ក្នុងតម្លៃ USD 999 ដូចគ្នា តែទីផ្សារនៅបរទេស មួយចំនួនបានកំពុង ប៉ោងឡើងខ្លាំង ដូចតារាងខាងក្រោម៖
គួរបញ្ជាក់ប្រាប់ប្រិយមិត្តបន្ថែម ឲ្យដឹងកាន់តែស៊ីជម្រៅផងដែរថា តម្លៃដែល Apple លក់ iPhone XS និង XS Max របស់ខ្លួន ក្នុងទីផ្សារគ្រប់រដ្ឋ ក្នុងសហរដ្ឋអាមេរិក USD 999 គឺមានរួមបញ្ចូល ជាមួយនឹងពន្ធអាករ រួចជាស្រេច តែសម្រាប់នៅបណ្ដា ប្រទេសផ្សេងៗ ពិសេសនៅប៉ែកខាងអឺរ៉ុប គឺត្រូវធ្វើការ បង់ពន្ធបន្ថែម បានជាដូច្នេះហើយ តម្លៃ iPhone របស់ Apple បានពង្រីកតម្លៃកាន់តែធំ សម្បើម រហូតដល់ជាង 400-500$ លើសពីតម្លៃ ជាក់ស្ដែង។
សម្រាប់ស្រុកខ្មែរវិញ ដំណឹងដែលយើង បានឮល្ហៀង នៅពេលនេះគឺថា iPhone XS Max មានទំហំផ្ទុក 512GB គឺមិនក្រោម USD 2,000 ឡើយ ពិតជាថ្លៃមិនធម្មតា ប៉ុន្តែវាគ្រាន់តែដំណឹង មិនទាន់ផ្លូវការប៉ុណ្ណោះ ហេតុនេះយើងគប្បី រង់ចាំមើលវត្តមាន ផ្លូវការរបស់ iPhone ទាំង 3 ស៊េរីនេះ ធ្លាក់ចូលក្នុងទីផ្សារ ស្រុកខ្មែរសិន ចាំមើលថា តើមានហាង និងឈ្មួញរកស៊ី នាំចូល iPhone នេះ កើបលុយបាន កម្រិតណា!
សូមបញ្ជាក់៖ ដូចរាល់ឆ្នាំអញ្ចឹង! បើប្រិយមិត្តអាចរង់ចាំបាន គួរតែចាំសិនទៅ កុំទាន់អាលជ្រួលជ្រើម នឹងគេ ខណៈពេលដែល iPhone កំពុងប៉ោងខ្លាំង ហួសហេតុ! ដូច្នេះរង់ចាំពេលវាចុះបន្តិច គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកហើយ។