(បច្ចេកវិទ្យា)៖ អ្នកគាំទ្រស្ដ្រីជាច្រើនរូបបានបង្ហាញអារម្មណ៍ខឹងក្រោធចំពោះ Apple ដែលបានផលិតផលិតផលថ្មីដោយមិនបានគិតពីមនុស្សស្រី។
អេក្រង់របស់ iPhone ជំនាន់ថ្មីមានទំហំពី ៥,៨ អ៊ីញ ទៅ ៦,៥ អ៊ីញ ដែលសុទ្ធតែមានទំហំធំជាង iPhone SE អេក្រង់ទំហំ ៤ អ៊ីញ។ បន្ថែមពីនេះ Apple ក៏បានប្រកាសថាបញ្ឈប់ការផលិត iPhone SE ដែលមានទំហំតូចជាងគេទៀតផង។
Caroline Criado Perez អ្នកគាំទ្រស្រ្តីមួយរូបបាននិយាយថា ៖ "iPhone ទំហំធំពិតជាបានប៉ះពាល់ដល់សុខភាពដៃរបស់មនុស្សស្រី។ មនុស្សស្រីពិតជាបានទិញ iPhone ច្រើនជាងមនុស្សប្រុស។ វាធ្វើឲ្យខ្ញុំនិយាយលែងចេញដែល Apple ឌីហ្សាញ (iPhone) ដោយមិនបានគិតពីពួកយើងក្នុងចិត្ត"។
Caroline បន្តថា៖ "ពួកយើងគួរតែខឹងចំពោះចំណុចនេះ ពួកយើងចំណាយលុយច្រើនស្មើនឹងមនុស្សប្រុសដែរសម្រាប់ផលិតផលដែលមិនសមនឹងពួកយើង"។
Sophie Walke អ្នកដឹកនាំនៃ Women's Equality Party បាននិយាយដែរថា៖ "ទីស្នាក់ការ Apple នៅចក្រភពអង់គ្លេសមនុស្សប្រុសទទួលបានចំណូលច្រើនជាងមនុស្សស្រី ២៤% ហើយបុរសទទួលបានប្រាក់រង្វាន់ច្រើនជាងមនុស្សស្រី ៥៧%។ ហេតុនេះខ្ញុំគិតថាបុរសៗដែលកាន់តំណែងខ្ពស់ៗ មិនបានគិតពីមនុស្សស្រីជាចម្បងនោះទេ ពេលសម្រេចចិត្តលើការឌីហ្សាញផលិតផលណាមួយ"។
ទាក់ទងនឹងការរិះគន់នេះ គេមិនទាន់ឃើញមានការឆ្លើយតបពីសំណាក់ក្រុមហ៊ុន Apple នៅឡើយទេ៕
ប្រភព៖ Dailymail
