ភ្នំពេញ៖ មួយសប្តាហ៍បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី៦របស់កម្ពុជា បានចាប់កំណើតជាផ្លូវការ មេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកជាបន្តបន្ទាប់បានផ្ញើសារអបអរ ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានក្លាយជានាយករដ្ឋមន្ត្រីអាណត្តិបន្ត។ ការអបអរទាំងនេះ បានធ្វើឡើងខណៈដែល ប្រទេសលោកខាងលិចមួយចំនួន នៅតែប្រកាន់ជំហរស្ងៀមស្ងាត់ ជុំវិញការបង្កើតរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា។
ប្រមាណមួយសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបានបង្កើតឡើង បណ្តាប្រទេស ដែលជាមិត្តកម្ពុជាមួយចំនួន បានសរសេរលិខិតជាបន្តបន្ទាប់ផ្ញើជូនប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជប៉ុន និង អាឡឺម៉ង់ គឺជាប្រទេស ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាងគេ ក្នុងចំណោមប្រទេស ដែលសរសេរលិខិតមកអបអរប្រមុខរដ្ឋាភិបាលកម្ពុជាថ្មីសម្តេច ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ឲ្យដឹងថា ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពក្នុងរយៈពេល២៥ឆ្នាំ កន្លងទៅនេះ ក្រោយការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់។ លោក សង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រជាជនកម្ពុជាទាំងអស់នឹងរួបរួមគ្នា និងសម្រេចបានការអភិវឌ្ឍខ្លាំងក្លាបន្ថែមទៀត តាមរយៈការបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោកស្រីអធិការបតីអាឡឺម៉ង់ Angela Merkel កាលពីពេលថ្មីៗនេះ ក៏បានសរសេរលិខិតជូនពរ សម្តេច ហ៊ុន សែន ដែរ ដោយលោកស្រី Merkel បញ្ជាក់ថា ប្រទេស និងប្រជាជនយើងទាំងពីរមានទំនាក់ទំនងល្អ។ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌»។
សូមបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃទី២៩ខែកក្កដា ដែលមានការចូលរួមចំនួន២០គណបក្ស គឺគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈរដ្ឋសភាទាំងអស់ ចំនួន១២៥អាសនៈ។ ជាការកត់សម្គាល់ដែរ ការបើកកិច្ចប្រជុំរដ្ឋសភាដំបូងនាថ្ងៃទី០៥ កញ្ញា កន្លងទៅ ស្ថានទូតនៃប្រទេសលោកខាងលិចចំនួន៩ បានអវត្តមានពីការអញ្ជើញនេះ ក្នុងនោះមានសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម ហើយប្រទេសជប៉ុន បានត្រឹមបញ្ជូន តំណាងបេសកកម្មទូតទៅចូលរួមប៉ុណ្ណោះ។ ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលកម្ពុជា មានជំនឿថា សារអបអរសាទរ ដល់រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងមានធ្លាក់មកជាបន្តបន្ទាប់ទៀត៕
