iPhone XS/XS Max
រូបរាង iPhone ទាំងបីមិនខុសពី iPhone X ដែលចេញឆ្នាំមុននោះទេ ពោលមានរចនាបថអេក្រង់ឆក លាតពេញផ្ទៃនិងមានតួខ្លួនស្រោបកញ្ចក់ភ្លឺរលោង។ iPhone XR មានបំពាក់អេក្រង់ LCD ទំហំ ៦,១ អ៊ីញ ចំណែក iPhone XS និង XS Max ប្រើអេក្រង់ OLED ទំហំ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ។
iPhone XR
iPhone ទាំងបីមានប្រើប្រាស់បន្ទះឈីប A12 Bionic ជំនាន់ចុងក្រោយមានដំណើរការលឿនជាងមុន។ Apple អះអាងថា iPhone XS មានថាមពលថ្មប្រើបានយូរជាង iPhone X រយៈពេល ៣០ នាទី និង XS Max បានយូរជាងមុន ១ ម៉ោងកន្លះ។ ចំណែក iPhone XR មានថាមពលថ្មដែលប្រើបានយូរជាង iPhone 8 Plus ១ ម៉ោងកន្លះ។iPhone ប្រើអេក្រង់ OLED ទាំងពីរប្រភេទមានបំពាក់កាមេរ៉ាភ្លោះកម្រិត ១២ MP មានមុខងាររក្សាលំនឹង OIS លើឡេនទាំងពីរគ្រាប់ និងមានកាមេរ៉ាមុខកម្រិត ៧ MP។ ចំណែក iPhone XR ប្រើកាមេរ៉ាត្រឹមមួយគ្រាប់ទំហំ ១២ MP មានមុខងាររក្សាលំនឹង OIS និងកាមេរ៉ាមុខកម្រិត ៧ MP។
ត្បិតថា iPhone XR មានកាមេរ៉ាខាងក្រោយត្រឹមមួយគ្រាប់ ប៉ុន្តែក៏អាចផលិតរូបភាពប្រភេទ Bokeh បានដូចជា iPhone XS និង XS Max ផងដែរ។ iPhone ជំនាន់ថ្មីទាំងបីក៏មានបំពាក់មុខងារស្កេនមុខដើម្បីដោះសោ Face ID ដែលមានដំណើរការលឿនជាងមុន។
Apple បានបង្ហាញថា iPhone XR លក់នៅសហរដ្ឋអាមេរិកមានតម្លៃចាប់ពី ៧៤៩ ដុល្លារ ដែលមានជម្រើសអង្គផ្ទុកទំហំ ៦៤ GB, ១២៨ GB និង ២៥៦ GB។ ចំណែក iPhone XS និង XS Max មានជម្រើសអង្គផ្ទុកទំហំ ៦៤ GB, ២៥៦ GB និង ៥១២ GB ជាមួយតម្លៃចាប់ពី ៩៩៩ ដុល្លារ និងចាប់ពី ១ ០៩៩ ដុល្លារ។
iPhone XS និង XS Max នឹងមានបើកទទួលការកុម្ម៉ង់នៅថ្ងៃទី ១៤ ខែកញ្ញា ដោយនឹងបញ្ចេញលក់នៅថ្ងៃទី ២១ ខែកញ្ញា។ ចំណែក iPhone XR នឹងទទួលការកុម្ម៉ង់នៅថ្ងៃទី ១៩ ខែតុលា និងបញ្ចេញលក់លើទីផ្សារនាថ្ងៃទី ២៦ ខែតុលា៕