អាមេរិកបិទការិយាល័យតំណាងទូតប៉ាឡេស្ទីន នៅវ៉ាស៊ីនតោន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិកបិទការិយាល័យតំណាងទូតប៉ាឡេស្ទីន នៅវ៉ាស៊ីនតោន

11/09/2018
វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទ ទី១០កញ្ញានេះ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចបិទការិយាល័យតំណាងអាជ្ញាធរប៉ាឡេស្ទីន ប្រចាំនៅក្រុងវ៉ាស៊ីនតោន។ ដំណឹងនេះ បានត្រូវឲ្យដឹងតាមរយៈថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ាឡេស្ទីន។ ថ្នាក់ដឹកនាំប៉ាឡេស្ទីន យល់ថា ការសម្រេចចិត្តរបស់អាមេរិកនេះ គឺជាការបង្កគ្រោះថ្នាក់កាន់តែខ្លាំង។
ទំនាក់ទំនងអាមេរិកនិងប៉ាឡេស្ទីន បានតានតឹងខ្លាំង និងធ្លាក់ដុនដាបជាបន្តបន្ទាប់ គឺរាប់ចាប់តាំងពីការឡើងកាន់អំណាចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ កាលពីខែធ្នូឆ្នាំទៅមិញ លោក ត្រាំ បានសម្រេចចិត្តជាឯកតោភាគី ទទួលស្គាល់ ក្រុង Jérusalem ជារដ្ឋធានីរបស់ អ៊ីស្រាអែល ហើយខែមេសាឆ្នាំ២០១៨នេះ រដ្ឋាបាលអាមេរិកបានសម្រេចលើកស្ថានទូតរបស់ខ្លួន ទៅតាំងទីនៅក្រុង Jérusalem តែម្តង។ ការសម្រេចចិត្តរបស់ប្រមុខរដ្ឋអាមេរិកនេះ គឺបណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីន ជាច្រើននាក់ ស្លាប់នៅក្នុងថ្លុកឈាម ដោយសារតែការប៉ះទង្គិចគ្នា នៅតំបន់កាហ្សា ព្រំដែនអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

អាមេរិក ជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ដែលជាសត្រូវសួរពូជរបស់ប៉ាឡេស្ទីន។ ដើម្បីបំពេញចិត្តអ៊ីស្រាអែល អាមេរិករបស់លោក ត្រាំ បានបិទច្រកដង្ហើមរបស់ប៉ាឡេស្ទីន ជាបន្តបន្ទាប់។ កាលពីដើមខែមិថុនា អាមេរិក បានប្រើសិទ្ធវេតូ ច្រាលចោលសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងគម្រោងមួយ ដែលការពារដល់ពលរដ្ឋប៉ាឡេស្ទីន។

នៅខែចុងខែសីហាកន្លងទៅនេះ អាមេរិកបានប្រកាសផ្តាច់ជំនួយ ចំពោះទីភ្នាក់អង្គការសហប្រជាជាតិទទួលបន្ទុកជួយជនភៀសខ្លួនប៉ាឡេស្ទីន។ ទឹកប្រាក់ ជាង២០០លានដុល្លារ បានត្រូវកាត់ផ្តាច់។ នៅក្នុងខែកញ្ញានេះ អាមេរិក ក៏បានលុបចោលជំនួយ ២៥លានដុល្លារផ្សេងទៀត ដែលជាជំនួយមនុស្សធម៌ ទៅដល់មន្ទីរពេទ្យប៉ាឡេស្ទីន នៅ ក្រុង Jérusalem ខាងកើត។

ជាការឆ្លើយតប អាជ្ញាធរប៉ាឡេស្ទីន ចាត់ទុកថា សេចក្តីសម្រេចថ្មីរបស់អាមេរិក គឺជាការបង្កើនគ្រោះថ្នាក់ខ្លាំង។ នៅពេលនេះ ថ្នាក់ដឹកនាំអាជ្ញាធរប៉ាឡេស្ទីន កំពុងតែជំរុញការប្តឹងផ្តល់អ៊ីស្រាអែលទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញបទឧក្រិដ្ឋសង្គ្រាម និងប្រល័យពូជសាសន៍។ ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅត្រង់ថា អ៊ីស្រាអែល ពុំមែនជាសមាជិករបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ នោះទេ៕