កូរ៉េខាងជើង បានធ្វើពិធីរំលឹកខួបលើកទី ៧០នៃការបង្កើតប្រទេសរបស់ខ្លួនដោយបង្ហាញក្បួនយោធាជាច្រើនកាលពីថ្ងៃអាទិត្យទី ៩ ខែកញ្ញា។
នៅក្នុងការដង្ហែក្បួនយោធានេះ គេកត់សម្គាល់ឃើញថាមិនមានវត្តមានមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងដែលអាចកម្ទេចអាមេរិកបាននោះទេ។ ជាហេតុធ្វើឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានបង្ហោះសារថ្លែងអំណរគុណមួយក្នុងបណ្ដាញសង្គម Twitter ចំពោះកូរ៉េខាងជើងដែលបានជ្រើសរើសមិនបង្ហាញមីស៊ីលនៅក្នុងការដង្ហែក្បួន។
ប្រធានាធិបតីអាមេរិកទី ៤៥រូបនេះ សរសេរថា "កូរ៉េខាងជើងទើបបង្ហាញក្បួនយោធានៅក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការបង្កើតប្រទេសរបស់ខ្លួនដោយគ្មានវត្តមានមីស៊ីលនុយក្លេអ៊ែរ។ គោលបំណងសំខាន់ គឺសន្ដិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច។ អ្នកជំនាញជឿថាកូរ៉េខាងជើងបានដកចេញមីស៊ីលដើម្បីបង្ហាញពីការតាំងចិត្តរបស់ខ្លួនចំពោះលោកដូណាល់ ត្រាំ។ នេះគឺជាសេចក្តីថ្លែងការណ៍ដ៏ធំ និងវិជ្ជមានពីកូរ៉េខាងជើង។ សូមអរគុណដល់លោកប្រធាន គីម។ យើងទាំងពីរ នឹងបង្ហាញថាអ្នករាល់គ្នាគិតខុស! គ្មានអ្វីប្រសើរជាងការសន្ទនាដ៏ល្អរវាងមនុស្សពីរនាក់ដែលចូលចិត្តគ្នានោះទេ! ល្អជាងមុនពេលដែលខ្ញុំឡើងកាន់តំណែងទៅទៀត" ។
ទោះយ៉ាងណាក៏ដោយ អ្នកវិភាគកូរ៉េខាងជើងខ្លះ ជឿថាការដែលមិនបង្ហាញមីស៊ីលឆ្លងទ្វីបនេះគឺដោយសារតែក្រុងព្យុងយ៉ាងបានបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនហើយ ដូច្នេះមិនចាំបាច់អួតពីអាវុធរបស់ខ្លួននោះទេ៕
ប្រភព៖ CNN
