ខណៈពេលដែលប្រទេសហ្វីលីពីន បានរងផលប៉ះពាល់នៃអត្រាអតិផរណាកើនឡើង ៦,៤% ប្រធានាធិបតីលោក ឌូតឺតេ បែរទម្លាក់កំហុសនេះទៅកាន់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំទៅវិញ។
នៅក្នុងសេចក្ដីថ្លែងការមួយក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុង Amman ប្រទេសហ្ស៊កដានីកាលពីយប់ថ្ងៃអង្គារ លោកឌូតឺតេបានប្រាប់សមាគមហ្វីលីពីនថាលោកត្រាំជាមនុស្សតែម្នាក់គត់ដែលគួរបន្ទោស។ លោកឌូតឺតេនិយាយថា "អតិផរណាកើនឡើងគឺដោយសារលោកត្រាំ។ នៅពេលដែលលោកត្រាំ បង្កើនពន្ធនិងហាមឃាត់ទំនិញជាច្រើនផ្សេងទៀត វាធ្វើឲ្យមានភាពច្របូកច្របល់ខ្លាំង" ។
គួរឲ្យដឹងថា ការកើនឡើងអតិផរណាចំនួន ៦,៤% ក្នុងប្រទេសហ្វីលីពីន គឺជាអត្រាកើនឡើងខ្ពស់បំផុតក្នុងប្រទេសអាស៊ានគិតត្រឹមរយៈពេល ៩ឆ្នាំចុងក្រោយនេះ៕
ប្រភព៖ Coconut
