ចុងសប្ដាហ៍កន្លងទៅលោក Tim Cook បានត្អូញត្អែរថាការដំឡើងពន្ធលើទំនិញចិន អាចនឹងជះផលអវិជ្ជមានលើ Apple Watch, AirPods, Apple Pencil, Mac mini និងផលិតផលដទៃទៀតរបស់ Apple។
ក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការមួយ នាយកប្រតិបត្តិក្រុមហ៊ុន Apple បានរៀបរាប់ថា៖ "កង្វល់របស់ពួកយើងជាមួយនឹងពន្ធទាំងនេះ គឺថាសហរដ្ឋអាមេរិកនឹងរងគ្រោះខ្លាំងជាងគេ ហើយវានឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការថយចុះ និងធ្វើឲ្យផលិតផលមួយចំនួនឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក”។
ជាការឆ្លើយតបលើការលើកឡើងនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារលើ Twitter ដោយនិយាយថា នឹងគ្មានការយកពន្ធនាំចូលនិងមានការលើកលែងពន្ធជាពិសេសសម្រាប់ Apple ប្រសិនបើ Apple ផលិតផលិតផលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ជំនួសឲ្យការផលិតនៅចិន។
ត្បិតថាការប្ដូរសង្វាក់ផលិតពីចិន មកសហរដ្ឋអាមេរិកអាចជួយឲ្យ Apple មិនបាច់បង់ពន្ធនាំចូល ប៉ុន្តែផលិតផល Apple ទំនងជាមិនមានតម្លៃថោកជាងមុនឡើយសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។
ប្រទេសចិនជាទីតាំងដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនផលិតផលិតផលបច្ចេកវិទ្យា ដោយសារកម្លាំងពលកម្មមានកម្រៃទាប ហើយរោងចក្រដែលផលិតគ្រឿងបន្លាស់មួយៗស្ថិតនៅទីតាំងជិតៗគ្នាទៀតផង។ ចំណែកការប្ដូរទីតាំងហេដ្ឋារចនាសម្ព័ន្ធសង្វាក់ផលិតកម្មនៃការផលិតទាំងមូល អាចត្រូវចំណាយច្រើនសម្រាប់ Apple។
សារព័ត៌មាន Market Place បានចុះផ្សាយកាលពីឆ្នាំ ២០១៤ ថាគ្រឿងបន្លាស់ចំណាយលើការផលិត iPhone នៅប្រទេសចិនគឺមានតម្លៃប្រមាណ ១៩០ ដុល្លារ។ នៅសហរដ្ឋអាមេរិកតម្លៃនេះអាចហក់ដល់ ៦០០ ដុល្លារ ដែលអាចធ្វើឲ្យ iPhone ឡើងថ្លៃដល់ ២ ពាន់ដុល្លារ ខុសពីតម្លៃពេលយកពន្ធឆ្ងាយសម្បើម។ មានន័យថាផលិតផល Apple ដទៃទៀតក៏នឹងឡើងថ្លៃដូចគ្នា៕
ប្រភព៖ The Verge | 9to5Mac
