រឿងធំផិតផ្ទុះហើយ! លោក ដូណាល់ ត្រាំ គម្រាម​ដំឡើងពន្ធលើ​ទំនិញចិន «២៦៧ពាន់លានដុល្លារ» បន្ថែមទៀត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រឿងធំផិតផ្ទុះហើយ! លោក ដូណាល់ ត្រាំ គម្រាម​ដំឡើងពន្ធលើ​ទំនិញចិន «២៦៧ពាន់លានដុល្លារ» បន្ថែមទៀត!

08/09/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានព្រមានថា លោកបានត្រៀម​រួចជាស្រេចហើយ ដើម្បីដំឡើងពន្ធ​ទៅលើ​ទំនិញ​របស់ចិន​ស្ទើរ​តែគ្រប់មុខ​តែម្តង ​ដែលនាំចូល​មកក្នុង​សហរដ្ឋអាមេរិក ដោយលោក​បានគំរាមបង្កើនពន្ធ​ ទៅលើ​ទំនិញ​ចិន​​​​ទំហំប្រមាណ​​ ២៦៧ពាន់លានដុល្លារ​ថែមទៀត ពីលើ​​ទំនិញ​នាំចូល​​ ២០០ពាន់លានដុល្លារ ដែលអាចនឹង​ត្រូវដំឡើងពន្ធនាពេល​ឆាប់ៗ។ នេះបើតាម​ការ​ដក​​ស្រង់​​ការ​ផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។
ចំណាត់ការ​ខាងលើនេះ នឹងធ្វើឲ្យ​សង្រ្គាមពាណិជ្ជកម្ម​​របស់លោក ដូណាល់ ត្រាំ កាន់តែកើន​ឡើងកម្តៅ ជាមួយទីក្រុងប៉េកាំង​​ជុំវិញការ​ទាម​ទារ​​របស់​​​លោក​ប្រធានាធិបតី​អាមេរិក ឲ្យ​ចិនធ្វើការកែប្រែ​គោលនយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជា​​បច្ចេកវិទ្យារបស់​​ខ្លួន​។ ដោយ​ឡែក ទីក្រុងប៉េកាំង​បានព្រមានថា នឹងចាត់វិធានការ​សងសឹកទៅវិញ ដែលអាច​នឹងរួមបញ្ចូលចំណាត់​ការក្តៅផ្សេងៗ ប្រឆាំងនឹង​​ក្រុម​ហ៊ុន​អាមេរិក ដែលធ្វើប្រតិបត្តិការ​​នៅទីនោះ។​​​

លោក ត្រាំ បានថ្លែងថា​ការដំឡើង​ពន្ធលើទំនិញ​ ២០០ពាន់លានដុល្លារ អាចនឹងលេចឡើង​ជារូបរាងនាពេល​ឆាប់ៗ ដោយអាស្រ័យតែ​​ទៅលើប្រទេស​ចិនប៉ុណ្ណោះ ហើយក្រៅពីនេះ​ការដំឡើងពន្ធលើ​ទំនិញ​២៦៧ពាន់លានដុល្លារ​មួយផ្សេងទៀត ក៏បានត្រៀមរួចជា​​ស្រេច​​ផង​ដែរ។
គួរជម្រាបថា ​នាពេលកន្លង​មកនេះ​លោក ត្រាំ បានដាក់ចេញ​ការដំឡើង​ពន្ធ​ ២៥ភាគរយ ទៅលើ​ទំនិញ​​នាំចូលរបស់ចិន​ទំហំ​ ៥០ពាន់​លានដុល្លារ ដោយភាគ​ច្រើនជា​គ្រឿង​ចក្រ និងគ្រឿងបន្លាស់​អេឡិចត្រូនិច។ ចំណែកឯ​បញ្ជី​​ទំនិញ​២០០ពាន់​លានដុល្លារវិញ ដែលរួម​មាន​ផលិតផល​ប្រើប្រាស់ ដូចជាកាមេរ៉ា ឧបករណ៍​ថតសំឡេង វ៉ាលី កាបូបដៃ សំបកកង់ និងម៉ាស៊ីនបូមធូលី​ជាដើម នឹង​ត្រូវរងការដំឡើង​​ពន្ធពី ១០ភាគរយ ទៅ ២០ភាគរយ ខណៈទូរស័ព្ទដៃ​ដែលផលិតផល​នាំចូល​ដ៏ធំបំផុត​របស់ចិនមកកាន់​សហរដ្ឋអាមេរិក​នោះ មិនរងការប៉ះពាល់​​ឡើយ ប៉ុន្តែផលិតផល​នេះ នឹងត្រូវជួបបញ្ហា​ប្រសិនបើ​​លោក ដូណាល់ ត្រាំ សម្រេចដាក់​ចេញបញ្ចីដំឡើងពន្ធ​លើទំនិញ ​២៦៧​ពាន់​លាន​ដុល្លារនោះ។

មកទល់ពេលនេះ ទំហំទំនិញរបស់ចិន​ដែលត្រូវបាន​លោក ត្រាំ គំរាមដំឡើងពន្ធពីលើ​បានកើនជាសរុបដល់ ៥១៧ពាន់លានដុល្លារ​​ហើយ​ ដោយវានឹង​លើសពី​​​ទំនិញ​ទំហំ​ ៥០៥ពាន់លានដុល្លារ ដែលបាននាំចូល​​​ចិនកាលពី​ឆ្នាំមុន។ ប៉ុន្តែឆ្នាំ២០១៨ ការនាំចូលទំនិញ​ពីចិនរហូត​មកដល់ខែកក្កដា​កន្លងទៅ មានការកើន​ឡើងជិត ០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំ២០១៧៕