អ៊ីរ៉ង់​អះអាងថា «យោធាអ៊ីស្រាអែល​កំពុងត្រៀម បង្កើនការវាយប្រហារតាមផ្លូវអាកាស ទៅលើប្រទេសស៊ីរី» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ៊ីរ៉ង់​អះអាងថា «យោធាអ៊ីស្រាអែល​កំពុងត្រៀម បង្កើនការវាយប្រហារតាមផ្លូវអាកាស ទៅលើប្រទេសស៊ីរី»

05/09/2018
(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ហ្វាស (Fars) បានរាយការណ៍ថា យោធាអ៊ីស្រាអែលកំពុងរៀបចំផែនការ បង្កើនការវាយប្រហារ​តាមផ្លូវអាកាស​ប្រឆាំងនឹងស៊ីរី ជាពិសេសគឺមូលដ្ឋាន​របស់កងជីវពល​អ៊ីរ៉ង់ ដែលកំពុង​តស៊ូប្រយុទ្ធ​គាំទ្រដល់រដ្ឋាភិបាល​​នៃប្រធានា​ធិបតីស៊ីរី​លោក បាស្សា អាល់ អាសាដ នៅអនាគត​ដ៏ខ្លីខាង​មុខនេះ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputn​ik នៅរសៀលថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើង​របស់ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់ Fars ធ្វើឡើងក្រោយ​រដ្ឋមន្ត្រីស៊ើបការណ៍​សំងាត់​អ៊ីស្រាអែល​លោក យីស្រាអែល ខេតស៍ (Yisrael Katz) បានលើកឡើង​នៅក្នុងសន្និសីទ​សារព័ត៌មានមួយ​ក្នុងសប្ដាហ៍នេះថា ការវាយប្រហារ​តាមផ្លូវអាកាស​របស់យោធា​អ៊ីស្រាអែល នៅក្នុងប្រទេស​ស៊ីរីមានការ​កើនឡើង។ លោក Yisrael Katz បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចបញ្ជាក់​បានថា ក្នុងរយៈពេល ពីរឆ្នាំចុង​ក្រោយនេះ យើងបានបើកការ​វាយប្រហារតាមផ្លូវអាកាស​ច្រើនជាង ២០០លើក នៅក្នុង​ប្រទេសស៊ីរី ជាពិសេសគឺលើ​មូលដ្ឋានយោធា​របស់អ៊ីរ៉ង់​តែម្ដង»
គួរបញ្ជាក់ថា អ៊ីស្រាអែល​បានចោទ​ប្រកាន់អ៊ីរ៉ង់ថា កំពុងបង្កចលាចល​នៅក្នុងតំបន់មជ្ឈិមបូព៌ា​ទាំងមូល តាមរយៈការ​ពង្រីក​ឥទ្ធិពល​​របស់ខ្លួននៅ​ក្នុង​ប្រទេសស៊ីរី។ បន្ថែមពី​លើនេះ​លោកនាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ ក៏បានព្រមាន​ដែរថា អ៊ីស្រាអែល​នឹងប្រើប្រាស់​គ្រប់មធ្យោបាយ​ ដើម្បីទប់ស្កាត់​ការរីកសាយឥទ្ធិពល​អ៊ីរ៉ង់នៅ​ក្នុងតំបន់៕