សល់ ១ សប្ដាហ៍ទៀតប៉ុណ្ណោះ Apple នឹងប្រកាសចេញ iPhone ជំនាន់ថ្មីជាផ្លូវការ ដែលអ្នកគាំទ្រជាច្រើននាក់កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា។ គេជឿជាក់ថា iPhone ជំនាន់ថ្មីនឹងមានដល់ទៅ ៣ ប្រភេទឯណោះ ដោយពីរប្រភេទប្រើអេក្រង់ OLED និងមួយទៀតប្រើអេក្រង់ LCD។
សម្រាប់ iPhone អេក្រង់ LCD គេជឿជាក់ថាមានចែកចេញជាពីរប្រភេទទៀត ដោយមានមួយប្រភេទផលិតឡើងជាពិសេសសម្រាប់លក់នៅប្រទេសចិន ដែលអាចដាក់ស៊ីមកាតបានពីរ។ គេរឹតតែជឿជាក់ពីវត្តមាន iPhone ប្រើស៊ីមកាតពីរនៅពេលប្រទះឃើញកូដដែលបង្កប់ក្នុងប្រព័ន្ធប្រតិបត្តិការ iOS 12 Beta។
ស្មាតហ្វូនដែលអាចដាក់ស៊ីមបានពីរ ទទួលបានការពេញនិយមខ្លាំងបំផុតក្នុងប្រទេសចិន ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនផលិតទូរសព្ទធំៗដូចជា Samsung, Huawei ជាដើមនោះបន្តផលិតស្មាតហ្វូនស៊ីមពីរ។
ការបញ្ចេញ iPhone ស៊ីមពីរនឹងជួយបង្កើនកំណើនលក់របស់ Apple នៅក្នុងទីផ្សារប្រទេសចិនដែលជាទីផ្សារស្មាតហ្វូនធំមួយក្នុងលោក ខណៈដែល Apple រងការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុកជាច្រើន។
ត្រីមាសទី ៣ ឆ្នាំ ២០១៨ ចំណូលដែល Apple រកបានពីប្រទេសចិនមានចំនួន ៩,៥៥ ពាន់លានដុល្លារ ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៧ រកចំណូលបាន ៨ ពាន់លានដុល្លារ មានការកើនឡើង ១៩%៕
ប្រភព៖ vnexpress
