ជប៉ុនបានរងគ្រោះដោយខ្យល់ព្យុះសង្ឃរាចេប៊ីដ៏កាចជាងគេក្នុងរយៈពេល ២៥ឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជប៉ុនបានរងគ្រោះដោយខ្យល់ព្យុះសង្ឃរាចេប៊ីដ៏កាចជាងគេក្នុងរយៈពេល ២៥ឆ្នាំ

05/09/2018
ប្រទេសជប៉ុន៖នៅថ្ងៃអង្គារ ទី៤ កញ្ញា ជប៉ុនបានរងគ្រោះដោយខ្យល់ព្យុះសង្ឃរាដ៏ខ្លាំងមួយមិនធ្លាប់មានគិតក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ។ ព្យុះសង្ឃរាឈ្មោះចេប៊ី (Jebi) បានបោកបក់លើប៉ែកខាងលិចប្រទេសដោយនាំទឹកភ្លៀង និងមានល្បឿនខ្យល់ជិត ២២០គីឡូម៉ែត្រក្នុង១ម៉ោង។ គ្រោះធម្មជាតិមួយនេះបានបង្ខំឲ្យរោងចក្រ សហគ្រាសជាច្រើនផ្អាកសកម្មភាព និងធ្វើឲ្យរាំងស្ទះដល់គ្រប់មធ្យោបាយដឹកជញ្ជូន។ តុល្យការចុងក្រោយ មានមនុស្សស្លាប់យ៉ាងតិច ៦នាក់ និងរបួសជាច្រើននាក់។

ជាមួយនឹងល្បឿនខ្យល់ដល់ទៅជិត ២២០គីឡូម៉ែត្រក្នុង១ម៉ោងនៅតាមកន្លែងខ្លះ ព្យុះសង្ឃរាចេប៊ីជាព្យុះលើកទី២១ ប្រចាំរដូវក្នុងតំបន់ដែលបានបោកបក់លើទីក្រុងតូគូស្ហ៊ីម៉ានៃកោះស្ហ៊ីកូគូតំបន់។ ទន្ទឹមគ្នានេះ និងបើតាមអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារឧុតុនិយមជាតិ ចេប៊ីត្រូវបានចាត់ចំណាត់ថ្នាក់ជាខ្យល់ព្យុះដ៏មានឥទ្ធិពលខ្លាំងជាងគេគិតតាំងពីឆ្នាំ ១៩៩៣។ ក្រោយពីបានបោកបក់ខ្លាំងលើទីក្រុងតូគូស្ហ៊ីម៉ា ព្យុះចេប៊ីក៏បានបន្តដំណើរទៅកាន់ប៉ែកឦសានក្នុងល្បឿនត្រឹម ៤៥គីឡូម៉ែត្រក្នុង១ម៉ោង រួចឆ្លងកាត់ដែនដីមួយភាគនៃកោះហុងឈូ។

រដ្ឋអំណាចបានបញ្ជាក់ថា ដោយសារតែព្យុះសង្ឃរាចេប៊ីបាននាំមកនូវទឹកភ្លៀងយ៉ាងសម្បើម ពលរដ្ឋដែលរស់នៅក្នុងតំបន់អាចលិចទឹក ឬតំបន់ដែលអាចរងផលប៉ះពាល់ដោយផ្លូវទឹកផុកហូរត្រូវស្តាប់តាមការណែនាំរបស់រដ្ឋអំណាចពីការត្រូវជម្លៀសចេញពីលំនៅដ្ឋានជាយថាហេតុ។ ចំណែកលោកប្រមុខរដ្ឋាភិបាលលោកស្ហ៊ីនហ្សូ អាបេបានលប់ចោលភ្លាមដំណើរទៅកាន់ប៉ែកខាងកើត និងបានកោះប្រជុំបន្ទាន់មួយដើម្បីពិនិត្យស្ថានការណ៍ ពិសេសបានអំពាវនាវពលរដ្ឋឲ្យចាត់វិធានការគ្រប់យ៉ាងដើម្បីការពារខ្លួន។

ខណៈនេះ មានពលរដ្ឋប្រមាណជា ១លាន ២សែននាក់ត្រូវបានរដ្ឋអំណាចស្នើឲ្យចាកចេញពីលំនៅដ្ឋានទៅជ្រកកោនកន្លែងមានសុវត្ថិភាព ហើយមាន ១៦ ០០០នាក់ត្រូវបានគេបង្ខំឲ្យចាកចេញតែម្តង។ ដោយឡែក មានយ៉ាងតិច ១៧៦ ០០០ លំនៅដ្ឋាន និងអាគារត្រូវបានព្យុះសង្ឃរាចេប៊ីកាត់ផ្តាច់ភ្លើងអគ្គិសនី។ មធ្យោបាយដឹកជញ្ជូនផ្លូវដែកត្រូវបានផ្អាក ហើយនៅអាកាសយានដ្ឋានឯណោះ មានជើងហោះហើរជាង ៦៥០ជើងត្រូវបានក្រុមហ៊ុនអាកាសចរលប់ចោល។ នៅប៉ែកខាងកើតតំបន់អូសាកា ហាងទំនិញធំៗ រួមទាំងសាលារៀនបានបិទទ្វារក្នុងថ្ងៃអង្គារ ទី៤ កញ្ញានេះ៕