ប្រទេសថៃ៖ក្រុងបាងកករបស់ប្រទេសថៃ នៅថ្ងៃអង្គារទី ៤ កញ្ញា ត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំស្តីពីបញ្ហាអាកាសធាតុ ក្នុងគោលដៅ ផ្តល់សន្ទុះ ដល់ការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពី អាកាសធាតុ COP២១ ដែលត្រូវបានអនុម័ត កាលពីបីឆ្នាំ មុន នៅទីក្រុងប៉ារីស។ កិច្ចប្រជុំក្នុងប្រទេសថៃ ធ្វើឡើងនៅ ៣ខែមុនបើកជំនួបកំពូលស្តី ពីអាកាសធាតុ COP ២៤ នៅប្រទេសប៉ូឡូញ។
ក្រុងបាងកកនៅថ្ងៃអង្គារនេះ ត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំមួយស្តីពីបញ្ហាអាកាសធាតុ។ កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងបាងកក ធ្វើឡើង ដើម្បី ពិភាក្សាពីវិធានការជាក់ស្តែង ដែលគេ ត្រូវអនុវត្ត ក្នុងនាមប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីស។ គេរំពឹងថា កិច្ចប្រជុំ រយៈពេល ៦ថ្ងៃ នៅទីក្រុងបាងកក (ថ្ងៃទី៤ដល់ ថ្ងៃទី ៩កញ្ញា) នឹងអាចផលិតចេញជារូបរាងនូវវិធានការរួម មួយ ដែលគេនឹងអាចបោះឆ្នោត អនុម័ត ជាផ្លូវការ នៅក្នុងសន្និសីទ លើកទី ២៤ ស្តីពីអាកាសធាតុ ដែលត្រូវធ្វើនៅប្រទេសប៉ូឡូញ នៅចុងឆ្នាំនេះ។
នៅទីក្រុងបាងកក នៅថ្ងៃនេះ នៅមុខអគារដែលត្រូវបើកកិច្ចប្រជុំស្តីពីអាកាសធាតុ សកម្មជនបរិស្ថានបានលើកបដាបរិហាររិះគន់ក្រុមប្រទេសមហាឧស្សាហកម្ម ប្រទេសអ្នកមាន ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ ប៉ុន្តែ ដែលគេចវេសមិនចេញមុខ ទទួលខុសត្រូវទៅវិញ។
កិច្ចព្រមព្រៀងអន្តរជាតិស្តីពីអាកាសធាតុបានកើតចេញជារូបរាង ជាផ្លូវការ តាំងតែពី ឆ្នាំ ២០១៥ម្ល៉េះ នៅទីក្រុងប៉ារីស ប៉ុន្តែ កិច្ចព្រមព្រៀង នៅមិនទាន់អាចយកទៅប្រើប្រាស់ បាននៅឡើយ ដោយសារតែ វិធានការរួមដែលប្រទេសនីមួយៗ ត្រូវអនុវត្ត នោះ គឺគេនៅមិនទាន់និយាយចរចា ត្រូវរ៉ូវគ្នានៅឡើយ។ ឧទាហរណ៍ ទៅតាមកិច្ចព្រមព្រៀង គ្រប់ប្រទេសក្នុងលោកបានយល់ស្របថា ត្រូវធ្វើយ៉ាងណា ទប់កុំឲ្យកំដៅលើផែនដី កើនឡើងខ្ពស់ជាង២អង្សាបន្ថែមទៀត ពីពេលនេះ រហូតដល់ឆ្នាំ ២១០០។ ប៉ុន្តែ វិធានការ ដែលប្រទេសនីមួយៗ ត្រូវអនុវត្តជាក់ស្តែងនោះ គឺគេនៅមិនទាន់មានសរសេរចែងនៅឡើយ។ អ្នកជំនាញខាងអាកាសធាតុបានព្រមានហើយថា បើគ្មានវិធានការរួម ដែលអាចជាកាតព្វកិច្ច ចាប់ចងឲ្យប្រទេសហត្ថលេខី ត្រូវអនុវត្តធ្វើតាមនោះ ទេ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីអាកាសធាតុ នឹងត្រូវរាជ័យ ធ្លាក់ទឹក។
សូមអាន៖ អ្នកវិទ្យាសាស្រ្ត៖ ផែនដីនឹងក្លាយជាបន្ទប់ឆ្ពុង បើសិនកំដៅកើនឡើង៤អង្សាទៀត
បញ្ហាធំ គឺរឿងលុយ
មានតែរឿងពីរទេ ដែល គេនៅតែនិយាយមិនត្រូវគ្នា មិនថា នៅក្នុងសន្និសីទCOP ២១ COP ២២ ឬសន្និសីទចុងក្រោយ នៅប្រទេសអាល្លឺម៉ង់។ ទី១ គឺរឿងលុយ និងទី ២ គឺរឿងកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាប្រភពធ្វើឲ្យផែនដី ឡើងកំដៅ។
នៅក្នុងកិច្ចព្រមព្រៀង ក្រុងប៉ារីស គេគ្រោងចង់បានថវិកា ឬវិភាគទានបៃតង ប្រមាណ ១០០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ជួយប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ ទៅតាមកិច្ចព្រមព្រៀង ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានថវិកាបៃតង ចាប់ពីឆ្នាំ ២០២០។ រហូតមក ប្រទេសកំពុងអភិវឌ្ឍន៍ចង់ឲ្យប្រទេសផ្តល់ជំនួយ បង្កើនប្រាក់វិភាគទាន និងការវិនិយោគ ទៅលើមធ្យោបាយ ដែលអនុញ្ញាតឲ្យរស់សម្របខ្លួនបាននឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកំពុងអភិវឌ្ឍន៍ចង់បានគម្រោងជំនួយគ្រប់គ្រង និងកើតចេញពី ស្ថាប័នរដ្ឋ។ ប៉ុន្តែ បញ្ហានៅត្រង់ថា ប្រទេសអ្នកមានវិញ ផ្តល់អាទិភាពច្រើនទៅលើវិស័យឯកជន គម្រោងការដែលផ្តល់ប្រាក់ចំណេញ ច្រើនជាង គម្រោងការ សម្រាប់ទិសដៅ ក្នុងរយៈពេលវែង។ មួយវិញទៀត ប្រទេសអ្នកមាន និងប្រទេសមហាឧស្សាហកម្ម ដែលជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ច្រើនជាងគេ និងជាអ្នកដែលត្រូវបង់វិភាគទានសម្រាប់កញ្ចប់ថវិកាបៃតង កំពុងរកលេស ដោះដៃ ឬទម្លាក់បន្ទុកដាក់គ្នាទៅវិញ ទៅមក។
កិច្ចប្រជុំនៅទីក្រុងបាងកកនៅសប្តាហ៍នេះ ត្រូវផ្តោតសំខាន់ផងដែរ លើផលប៉ះពាល់លើកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ នៅក្រោយអាមេរិករបស់លោកដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីឆ្នាំមុន។ អាមេរិក ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេ ក្នុងលោក ជាមួយប្រទេសចិន មិនត្រឹមតែដកខ្លួន លែងគោរពតាមកិច្ចព្រមព្រៀងតែប៉ុណ្ណោះទេ អាមេរិកនៅបានបដិសេធ លែង ផ្តល់វិភាគទានប្រមាណ ២ពាន់លានដុល្លារ ទៅកញ្ចប់ថវិកា បៃតង ដែលអាមេរិកធ្លាប់បានសន្យា នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ នៅទីក្រុងប៉ារីស។
អ្នកជំនាញ៖ គេនឹងមិនងាយសម្រេចតាមគោលដៅ ដែលមានចែងក្នុងកិច្ចព្រមព្រៀង
គេបានព្រមព្រៀង គ្នា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីធ្វើយ៉ាងណា ទប់ទល់កុំឲ្យផែនដី កើនឡើងខ្ពស់ ២អង្សារបន្ថែមទៀត។ ទប់ទល់កុំឲ្យផែនដី ឡើងកំដៅជាងមុន គឺគេត្រូវកាត់បន្ថយ ការបញ្ចេញផ្សេងកាបូនិក ដែលកើតចេញមកពីឧស្សាហកម្ម ប្រើប្រេង ឬធ្យូងថ្ម។ ប៉ុន្តែ ជាមួយគ្នា នៅក្នុងកិច្ចព្រមព្រៀង ប្រទេសសមាជិកអាចកែតម្រូវនយោបាយថាមពលរបស់ខ្លួន រហូតដល់ឆ្នាំ ២០២៣។ សម្រាប់អ្នកជំនាញអាកាសធាតុ គេមិនអាចពន្យារពេលតទៅមុខទៀតបានទេ។ គេបានវាយតម្លៃហើយថា ជាមួយនឹងការអនុវត្ត នយោបាយជាតិ គឺបញ្ចេញឧស្ម័នកាបូន ច្រើន ដូចសព្វថ្ងៃនេះ កំដៅផែនដីនឹងកើនឡើង ដល់ទៅ ៣អង្សាបន្ថែមទៀត។ ផែនដីកើនឡើងកំដៅ បីអង្សាបន្ថែមទៀត នោះ គឺផែនដី ជីវិតមនុស្សសត្វ ធម្មជាតិ នឹងប្រឈមរងគ្រោះមហន្តរាយ ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ ដូចជា ភ្លើងឆេះព្រៃ ខ្យល់ព្យុះ ទឹកជំនន់ ឬការឡើងកំពស់ទឹកសមុទ្រជាដើម ដែលយើងឃើញ កំពុងកើតមានរួចហើយនៅលើផែនដី សព្វថ្ងៃនេះ៕