ខេត្តព្រៃវែង៖ ពលរដ្ឋបានទទូចស្នើសូមអោយ សម្តេច តេជោ ហ៊ុន សែនមេត្តាជួយអន្តរាគមន៍ រក្សាដីផ្សារព្រៃព្នៅទុកនៅដដែល។
ព្រោះពេលនេះនាយទុន បង្កើតផ្សារឯកជនថ្មី ហើយអាជីវករមិនព្រមចេញទៅជួលតូប ទើបម្ចាស់ផ្សារមានឡេះ រើរុះផ្សារព្រៃព្នៅចាស់ ដើម្បីធ្វើសួនច្បារ រួចតម្រូវឲ្យអាជីវករ បង្ខំចិត្ត ទៅជួលឬទិញតូបនៅផ្សារឯកជនថ្មី ដែលមានតម្លៃខ្ពស់។
ព្រោះតែបែបនេះទើបអាជីវករប្រមាណជា៥០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅចំណុចផ្សារព្រៃព្នៅ ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី០៣ខែសីហាឆ្នាំ២០១៨។
ក្នុងគោលបំណងទាមទារមិនព្រមចេញពីផ្សារជាដាច់ខាត សុខចិត្តនៅលក់បន្តទោះមានរឿងអ្វីក៏ដោយ។ ខណៈម្ចាស់ផ្សារ កំពុងរុះរើផ្សារចាស់ គាស់ដំបូលជាបណ្ដើៗសល់តែគ្រោងឈើ។
ជាមួយគ្នានោះក្រុមអាជីវករបានអះអាងថា ពួកគាត់បានលក់ដូរនិងកាន់កាប់ដីផ្សារនេះតាំងពីឆ្នាំ១៩៨២មកម្លេះ។
លុះដល់ឆ្នាំ២០១៥ឈ្មោះ ហ៊ាន រី ជាថៅកែផ្សារបានមកវិនិយោគដោយឲ្យក្រុមអាជីវកររើចេញសិន រួចសង់ផ្សារដោយធ្វើដំបូលប្រក់ស័ង្កសី ខណ្ឌចែកជាតូបចំនួន៧២តូប។ រួចលក់មកឲ្យពលរដ្ឋវិញក្នុងតម្លៃ១តូប១,០០០$ដោយកំណត់រយៈពេល៣ឆ្នាំម្ដង។
លុះដល់ខែសីហាឆ្នាំ២០១៨លោក ហ៊ាន រី បានសាងសង់ផ្សារថ្មីរួចរាល់ ស្រាប់តែអាជ្ញាធរជូនដំណឹងមកអាជីវករ ថាផ្សារព្រៃព្នៅនេះត្រូវរើរុះហើយ ហេតុនេះអាជីវករទាំងអស់ត្រូវរើចេញឲ្យហើយមុនថ្ងៃទី ១៥ខែកញ្ញាឆ្នាំ២០១៨ដើម្បីយកដីនេះធ្វើសួនច្បារ ជូនវត្ត។
អាជីវករបន្តថា ការរើផ្សារនេះជាការឃុបឃិតគ្នារវាងអាជ្ញាធរឃុំនិងថៅកែផ្សារយ៉ាងពិតប្រាកដ។
ព្រោះអាជ្ញាធរយកឡេះរើផ្សារធ្វើសួននិងប្រគល់ដីឲ្យវត្តព្រៃព្នៅ ហើយពេលអាជីវករសួរទៅគណៈកម្មការវត្ត បែរជាគណៈកម្មការ ប្រាប់ថាមិនដឹងទេរឿងយកដីចូលវត្តណឹង។
ឆ្លើយតបនិងការលើកឡើងខាងលើលោក ហ៊ាន រី អ្នកវិនិយោគផ្សារបានឲ្យដឹងថា ផ្សារថ្មីរបស់លោកមានតូបចំនួន១៦០ពេលនេះមានអ្នកជួលច្រើនហើយ។ ក្នុងនោះជួលរយៈពេល១ឆ្នាំ៣០០$ ហើយផ្សារព្រៃព្នៅចាស់នេះ វាតូចចង្អៀតទើបលោករុះរើនិងបង្កើតផ្សារថ្មី ដើម្បីតម្រូវការអាជីវករដែលកើនឡើង
រីឯដីដែលរើរុះនោះលោកប្រគល់ជូនអាជ្ញាធរ។
ប៉ុន្តែលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឲ្យដឹងថា ផ្សារដែលគេរើរុះនោះ គឺយកដីប្រគល់ជូនវត្តព្រោះទីនេះចង្អៀត លោកបញ្ចាក់ថាអាជ្ញាធរមិនមានចេតនាបណ្ដេញអាជីវករទេ៕
