សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាធុញទ្រាន់នឹងការប្រមាថ មើលងាយពីបរទេសទាំងឡាយ តែមិនប្រាកដមានខួរក្បាលឆ្លាតជាងសម្តេច និងពលរដ្ឋខ្មែរនោះទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាធុញទ្រាន់នឹងការប្រមាថ មើលងាយពីបរទេសទាំងឡាយ តែមិនប្រាកដមានខួរក្បាលឆ្លាតជាងសម្តេច និងពលរដ្ឋខ្មែរនោះទេ

04/09/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាធុញទ្រាន់នឹងការប្រមាថមើលងាយរបស់បរទេសទាំងឡាយ ហើយពួកគេគ្រាន់តែមានវាសនា បានកើតនៅក្នុងប្រទេសអ្នកមានប៉ុណ្ណោះ ប៉ុន្តែមិនប្រាកដថាខួរក្បាលឆ្លាតជាងសម្តេច និងពលរដ្ឋកម្ពុជានោះឡើយ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោ ទទួលស្វាគមន៍ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី Asian Games 2018 លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយការស្ពាយមកនូវកិត្តិយសដ៏ធំធេង សម្រាប់ជាតិមាតុភូមិ មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររយៈពេល៦៤ឆ្នាំមកហើយនោះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ជាតិសាសន៍មួយនេះ គឺជាជាតិសាសន៍ វាគ្រាន់តែយើងកើតនៅក្នុងប្រទេសក្រីក្រតែប៉ុណ្ណោះ ដែលធ្វើឱ្យមានអ្នកខ្លះប្រមាថមើលងាយចំពោះយើង ក៏ប៉ុន្តែខួរក្បាលរបស់គេ មិនប្រាកដថាពូកែជាងយើងទេ [...] ខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ ព្រោះខ្ញុំធុញទ្រាន់ជាមួយអ្នកអាការប្រមាថពីប្រទេសអ្នកមានខ្លាំងណាស់»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មានជនបរទេសខ្លះគេបានប្រមាថមើលងាយមកដល់ប្រទេសកម្ពុជា ប៉ុន្តែសួរថា តើពួកនេះ មានសមត្ថភាពយ៉ាងណាដែលហ៊ានមើលអ្នកដ៏ទៃ ទាំងមិនបានមើលខ្លួនឯងជាមុនសិននោះ ហើយជនបរទេសទាំងនោះ មិនប្រាកដថា ពូកែជាងមន្ត្រីរបស់កម្ពុជានោះទេ។ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ការលើកឡើងនេះ មិនមែនក៏ដៀមមដាម ដាក់អ្នកណាម្នាក់នោះទេ ក៏ប៉ុន្តែអ្នកទាំងនោះត្រូវយល់ថាកម្ពុជាមិនចង់រករឿងអ្នកណានោះទេ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា៖ «ប៉ុន្តែខ្ញុំសុំផ្ញើសារឱ្យអ្នកឯងត្រឡប់ទៅវិញថា អ្នកឯងគ្រាន់តែមានសំណាង កើតនៅលើក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្តែខួរក្បាលអ្នកឯងមិនប្រាកដថា ពូកែជាងខ្ញុំនោះទេ ដូនតារបស់ខ្ញុំ បានធ្វើអង្គរវត្តបានតាំងពីជាង១០០០ឆ្នាំមុនណោះ អ្នកឯងត្រូវយល់តាំងពីជាតិសាសន៍មិនទាន់ចាប់កំណើតជាជាតិសាសន៍ផង»

សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាមិនមែនអនុញ្ញាតឱ្យអ្នកណាមកមើលងាយមើលថោកកម្ពុជាបាននោះទេ ហើយកម្ពុជាក៏ហ៊ានប្រដៅទៅអ្នកទាំងនោះត្រង់ៗថា អ្នកឯងគ្រាន់តែមានភ័ព្វសំណាង បានកើតនៅក្នុងប្រទេសអ្នកមាន និងប្រទេសធំតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា យុទ្ធនាការប្រកួតកីឡាអាស៊ីហ្គេមលើកទី១៨ ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា១៣ប្រភេទទៅចូលរួម ខណៈលទ្ធផលកម្ពុជាដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ និងកីឡាជឺជិតស៊ូ ដណ្ដើមបានដោយកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស១។

ចំពោះប្រាក់រង្វាន់ជ័យលាភីអត្តពលិកដណ្ដើមបានមេដាយកីឡាអាស៊ី Asian Games នេះ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មេដាយមាសទទួលបាន ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល ដែលជាប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល។ លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចជាគោលការណ៍ ដើម្បីលើកទឹកចិត្តបន្ថែម ដល់អត្តពលិកដណ្ដើមបានជ័យលាភីជូនជាតិផងដែរ ដោយមេដាយមាស សម្ដេចឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ, មេដាយប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារទៀតផង៕