អ្នកប្រដាល់សកលថៃ Wanheng Menayothin (ឈ្មោះពិត Chayaphon Moonsri) បានវ៉ាកំណត់ត្រារបស់អ្នកប្រដាល់អាមេរិក Floyd Mayweather ដោយប្រកួតក្នុងអាជីព៥១ដង មិនដែលស្គាល់ពាក្យថាចាញ់។
Wanhengដែលកើតក្នុងខេត្ត Maha Sarakham ប្រទេសថៃបានរកឃើញជ័យជម្នះលើកទី៥១កាលពីម្សិលមិញ បន្ទាប់ពីរូបគេឈ្នះពិន្ទុលើកីឡាករហ្វីលីពីន Pedro Taduran ការពារខ្សែក្រវាត់ WBC mini-flyweight។ ការប្រកួតនេះដែរបានរៀបចំនៅខេត្ត Nakhon Sawan ប្រទេសថៃ។
កាលពីខែ កញ្ញា ឆ្នាំ ២០១៥ Mayweather ទទួលបានជ័យជម្នះលើកទី៤៩ លើកីឡាកររួមជាតិ Andre Berto រក្សាខ្សែក្រវាត់ពិភពលោកប្រភេទទម្ងន់ Welterweight និងតាមទាន់កំណត់ត្រាលោក Rocky Marciano ដែលកាន់កាប់៦០ឆ្នាំ។ ឆ្នាំ២០១៧ Floyd ក៏ធ្វើបានកំណត់ត្រាថ្មីមិនដែលចាញ់៥០ប្រកួតក្នុងអាជីព ក្រោយឈ្នះ Conor McGregor។ ប៉ុន្តែ អ្នកប្រដាល់ថៃ Wanheng ក៏តាមទាន់របស់ Floyd កាលពីខែ ឧសភាឆ្នាំនេះ ក្រោយឈ្នះកីឡាករប៉ាណាម៉ា Leroy Estrada។
ឈានដល់ខែ សីហាឆ្នាំនេះដដែល Menayothin វ័យ៣២ឆ្នាំអាចធ្វើបានវ៉ាកំណត់ត្រារបស់ Floyd Mayweather រកឃើញជ័យជម្នះទី៥១ បន្ទាប់ពីឈ្នះ Taduran កាលពីម្សិលមិញ។ Menayothin នៅមានឱកាសសាងកំណត់ត្រាបន្តបន្ទាប់ទៀត តែសម្រាប់ Floyd បានចប់ហើយ ព្រោះគេបានចូលនិវត្តន៍ពីសង្វៀនបាត់ទៅហើយ។ បញ្ជាក់ត្បិត Wanheng Menayothin វាយមិនដែលចាញ់ តែគេមិនដែលចេញប្រកួតនៅក្រៅប្រទេសម្ដងណាទេ៕
ទស្សនាការប្រកួតរវាង Wanheng Menayothin និង Pedro Taduran
ប្រភព៖ The Sun
