សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានការដោះលែងលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃស្អែកនោះឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានការដោះលែងលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃស្អែកនោះឡើយ

29/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងគ្មានការដោះលែងលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ស្អែកនេះនោះឡើយ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការសង្ស័យ និងពាក្យចចាមអារ៉ាមមួយចំនួនថា អាចនឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃស្អែកនេះ។

ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាងមួយម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា កំពុងស្ថិតជាពិរុទ្ធជននៅឡើយ មិនទាន់ក្លាយជាទណ្ឌិតនោះទេ ដូច្នេះគ្មានការស្នើសុំណាមួយ ដើម្បីដោះលែងនោះឡើយ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់អ្នកនៅត្រពាំងផ្លុងស្ថិតនៅក្នុងក្របខណ្ឌពិរុទ្ធជននៅឡើយមិនមែនជាទណ្ឌិតទេ។ សូមផ្តាំកុំភ្លើពេក នៅជាពិរុទ្ធជនទេ គ្មាននរណាដោះលែងទេកុំទៅបង្ករឿង»

សម្តេចតេជោ បានសង្កត់ធ្ងន់ទៀតថា ទោសក្បត់ជាតិរបស់លោក កឹម សុខា គឺជាទោសមួយធ្ងន់ធ្ងរមិនអាចលើកលែងបាននោះឡើយ។ «នរណាដោះលែង? នរណាដោះលែង? បើគេមិនទាន់កាត់ទោសផង មានទោសឯណាសម្រាប់លើកឲ្យវា។ ឯលើកលែងការចោទប្រកាន់អត់ទេ នរណាជាអ្នកលើកលែង? រឿងនេះក្តីក្តាំក្នុងទោសក្បត់ជាតិ នរណាលើកលែង? ក្នុងឋានៈខ្ញុំជារាជរដ្ឋាភិបាល ខ្ញុំនៅតែបន្តប្តឹងដាច់ខាត»

ទន្ទឹមនឹងការបញ្ជាក់ថា គ្មានការដោះលែងលោក កឹម សុខា ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឲ្យចាត់វិធានការលើឈ្មោះ ណុប ប៊ុនហូរ ផងដែរ។ ជននេះត្រូវបានសម្តេចតេជោ អះអាងថា ជាមេចលនាបំផុសប្រជាពលរដ្ឋឲ្យទៅរង់ចាំទទួលលោក កឹម សុខា ពីពន្ធនាគារ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេចថាពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត បន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ ជិតដល់ថ្ងៃកំណត់។

កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាបណ្តោះអាសន្នរយៈពេល៦ខែទៀត ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានអង្គភាព Fresh News ឲ្យដឹងថា សវនាការដែលត្រូវចាប់ផ្តើមក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។ ដោយឡែកមេធាវីម្នាក់របស់ លោក កឹម សុខា បានបញ្ជាក់ឱ្យដឹងផងដែរថា មេធាវីទាំង០៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏នឹងត្រូវមានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។
​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីរំលងអាធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ។

ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕