សហរដ្ឋអាមេរិក​អំពាវនាវឲ្យប្រមុខ​ដឹកនាំយោធាកំពូលៗ​មីយ៉ាន់ម៉ា បង្ហាញខ្លួន​ចំពោះ​មុខតុលាការ​អន្តរជាតិ ពាក់ព័ន្ធ​បញ្ហាជនជាតិ​ដើមរ៉ូហ៊ីងយ៉ា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក​អំពាវនាវឲ្យប្រមុខ​ដឹកនាំយោធាកំពូលៗ​មីយ៉ាន់ម៉ា បង្ហាញខ្លួន​ចំពោះ​មុខតុលាការ​អន្តរជាតិ ពាក់ព័ន្ធ​បញ្ហាជនជាតិ​ដើមរ៉ូហ៊ីងយ៉ា!

29/08/2018
(ញូយ៉ក)៖ បណ្ដាប្រទេស​ជាច្រើន ក្នុងនោះរួមមានទាំង​សហរដ្ឋអាមេរិកផងដែរ បានអំពាវនាវ​ឱ្យថ្នាក់ដឹកនាំយោធាកំពូលៗរបស់​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍​លើជនជាតិដើម​ភាគតិចរ៉ូហ៊ីងយ៉ា បង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​អន្តជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia ​នៅ​ព្រឹកថ្ងៃពុធ​ ទី២៩ ខែសីហា ឆ្នាំ២០១៨។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត UN​ បានជម្រុញឱ្យក្រុមប្រឹក្សាសន្តិសុខ យកសំណុំរឿងការសម្លាប់រង្គាល ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡើងតុលាការឧក្រិដ្ឋកម្មអន្តជាតិ ទីក្រុងឡាអេ ឬក៏បង្កើតតុលាការអន្តរជាតិដូចធ្លាប់ បានធ្វើលើអតីតសាធារណរដ្ឋយ៉ូហ្គោស្លាវី។
នៅឯក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃអង្គារ​សប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) អគ្គរដ្ឋទូតអាមេរិក​ប្រចាំ UN លោកស្រី Nikki Haley ក៏បានបង្ហាញ​ការគំាទ្រផងដែរ ក្នុងការនាំយក​អ្នកទទួលខុសត្រូវ លើ​ការសម្លាប់រង្គាលជនជាតិ​រ៉ូហ៊ីងយ៉ា ឡើងតុលាការអន្តរជាតិផងដែរ។ លោកស្រី Haley បានលើក​ឡើងយ៉ាងដូច្នេះថា «ការពិតនៃការបោស​សំអាតជនជាតិ​ដើមភាគតិច រ៉ូហ៊ីងយ៉ា គួរតែត្រូវបាន​លាតត្រដាង... ហើយក្រុមប្រឹក្សាសន្តិសុខ​ត្រូវតែនាំខ្លួនអ្នកទទួល​ខុសត្រូវលើអំពើ​ហិង្សា ឱ្យមក​ទទួលខុស ត្រូវចំពោះអ្វីដែល​ពួកគេបាន​ប្រព្រឹត្ត»
សូមជម្រាបថា កាលពីថ្ងៃចន្ទ ក្រុមអ្នកស៊ើបអង្កេត UN បានចេញផ្សាយរបាយការណ៍ថ្មីមួយ​ដោយចោទប្រកាន់ មេដឹកនាំយោធា មីយ៉ាន់ម៉ាចំនួន០៦រូប ក្នុងនោះរួមមានទំាងប្រមុខយោធា លោក Min Aung Hlaing គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាល ជនជាតិរ៉ុហ៊ីងយ៉ា និងគួរតែត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍។
តែយ៉ាងណា​ក៏ដោយ ទាំងរដ្ឋាភិបាល​លោកស្រី អោងសាន ស៊ូជី និងក្រុម​យោធា បានច្រានចោល​រាល់ការចោទប្រកាន់​ទាំងឡាយ​ដោយអះអាង​ថា ប្រតិបត្តិការយោធា​របស់ខ្លួននៅ​ក្នុងរដ្ឋ Rakhine ធ្វើឡើងដើម្បី​ការពារជនស៊ីវិល​តែប៉ុណ្ណោះ ខណៈជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់ និងច្រើនជាង ៧០០,០០០នាក់ រត់ភៀសខ្លួន​ទៅកាន់ព្រំដែនប្រទេស​បង់ក្លាដែស។ អំពើ​ហិង្សានៅ​ក្នុងរដ្ឋ Rakhine បានផ្ទុះឡើង​កាលពី​ខែសីហា ឆ្នាំ២០១៧ ក្រោយរដ្ឋាភិបាល​មីយ៉ាន់ម៉ា​ចោទថា ក្រុម​សកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា បានបើក​ការវាយប្រហារលើកង​កម្លាំងសន្តិសុខ​របស់ខ្លួន៕