លោក ម៉ៅ ធនិន ជំរុញមន្ត្រីបក្សបន្តចុះដោះស្រាយ​ រាល់សំណូមពររបស់សមាជិកបក្ស និងប្រជាពលរដ្ឋ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ម៉ៅ ធនិន ជំរុញមន្ត្រីបក្សបន្តចុះដោះស្រាយ​ រាល់សំណូមពររបស់សមាជិកបក្ស និងប្រជាពលរដ្ឋ

26/08/2018
(ពោធិ៍សាត់​)៖​ លោក ​ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានដាស់តឿនជំរុញឱ្យមន្ត្រីបក្សត្រូវបន្តចុះដោះស្រាយរាល់សំណូមពររបស់សមាជិកបក្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីតបស្នងចំពោះពួកគាត់ដែលខំទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកដាស់តឿនបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ នាថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០១៨​ នៅសណ្ឋាគារ ខេ អឹម ដែលមានអ្នកចូលរួមជាង២០០នាក់។
ក្នុងឱកាសនោះ លោក សំរឹទ្ធ អេង ប្រធានគណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ បានជម្រាបជូនថា ក្រុងពោធិ៍សាត់ចាប់ពីបើកយុទ្ធនាការឃោសនា នាថ្ងៃទី៧ ខែកក្កដាមក មានអ្នកចូលរួម ១៨ពាន់នាក់ រថយន្តតូចធំ ៤៣០គ្រឿង ម៉ូតូ ៤,៥០០គ្រឿង និងបញ្ចប់យុទ្ធនា​ការឃោស នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកចូលរួមជិត២ម៉ឺននាក់ រថយន្តតូចធំ ៣៧៨គ្រឿង និងម៉ូតូ ៥,២០០គ្រឿង។ ក្នុងរយៈពេល២១ថ្ងៃ ក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់បានធ្វើពិធីដង្ហែទ្រង់ទ្រាយធំ ២លើក ចុះជួបសមាជិកតាមខ្នងផ្ទះបាន ១,៤៧២លើក បិទខិតបណ្ណតាមផ្ទះ និងទីសាធារណៈអស់ជាង ១៦ពាន់ សន្លឹកប្រជុំប្រមូលផ្តុំ ៨៥១លើក និងមានសមាជិកចូលរួមជាង ២៤ពាន់នាក់​។
លោកបានបន្តថា នាថ្ងៃទី២៩ ខែកក្កដា គឺជាថ្ងៃបោះឆ្នោតឃើញថា ក្រុងពោធិ៍សាត់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី គ.ជ.ប មានចំនួន ៣៦,១៧៨នាក់ ក្នុងនោះបានទៅបោះឆ្នោត ៣១,២០៥នាក់ ស្មើនឹង ៨៦.២៥% បានបោះគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ២៤,៥៨០សំឡេង ស្មើនឹង ៨៤.១១%។
លោក ម៉ៅ ធនិន បានថ្លែងថា ផ្អែកតាមលទ្ធផលនៃសំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តពោធិ៍សាត់ ពិតជាមានមោទនភាពដោយសារប្រជាពលរដ្ឋគោរពស្រឡាញ់ និងមានទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ទើបបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តការដឹកនាំប្រទេសនៅអាណត្តិទី៦។

តាមរយៈនៃលទ្ធផលនេះ ក៏ផ្តើមចេញពីការខិតខំប្រឹងប្រែងពីសំណាក់មន្ត្រីបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ចុះជួយតាមបណ្តាសង្កាត់ សិក្សាស្វែងយល់វាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ និងការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកថា «ក្រោយពីទទួលបានជោគជ័យនេះ ក្នុងប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមឲ្យមន្ត្រីបក្សបន្តចុះជួបជាមួយសមាជិកបក្ស និងការចូលរួមដោះស្រាយនូវរាល់សំណូមពរផ្សេងៗ ដែលពួកគាត់មានតម្រូវការ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ត្រូវដោះស្រាយជាបន្ទាន់ជាពិសេសផ្តោតសំខាន់ទៅលើជនចាស់ជរា ស្ត្រីក្រីក្រមានកូនច្រើន កុមារកំព្រាជាដើម»
លោកបានបន្ថែមថា ដើម្បីកាន់តែមានប្រៀបខ្លាំងថែមទៀតនោះ សូមឲ្យមន្ត្រីប្រឹងប្រែងបន្ថែមទៀតក្នុងការការពារខ្សែក្រវាត់ រក្សាសាមគ្គីផ្ទៃក្នុងល្អចាត់ទុកជាមហាគ្រួសារតែមួយរស់នៅក្រោមដំបូលគណបក្សតែមួយ បើកបេះដូងឲ្យទូលាយមិនរើសអើង និងមិនលាបពណ៌ដាក់គ្នាត្រូវចេះគោរពស្រឡាញ់គ្នាជួយគ្នាទៅវិញទៅមកទៅតាមលទ្ធភាពដែលមាន៕