មុននឹងការប្រកាសចេញ iPhone ជំនាន់ថ្មីមួយខែ សំនួរដែលឧស្សាហ៍ឮជាងគេ "តើគួររង់ចាំ iPhone ស៊េរីថ្មីចេញសិន ឬគួរទិញ iPhone ស៊េរីចាស់ដែលចេញបានជិតមួយឆ្នាំហើយនោះ?”។ ចម្លើយសម្រាប់ឆ្នាំនេះ ប្រហែលជាច្បាស់ជាងរាល់ឆ្នាំ គឺ "រង់ចាំសិន"។
មានហេតុផលសមទំនងមួយចំនួន ដែលអ្នកគួររង់ចាំ ជាជាងទិញ iPhone ស៊េរីចាស់ប្រើនាពេលនេះ។ ហេតុផលដំបូងគេគឺ ពេល iPhone ជំនាន់ថ្មីចេញ អ្នកមានជម្រើសថ្មី។
ត្រកូល iPhone នាពេលបច្ចុប្បន្នមាន iPhone 8, iPhone 8 Plus និង iPhone X។ មានដល់ទៅ ៣ ប្រភេទ ប៉ុន្តែជម្រើសរបស់អ្នកប្រហែលមានដែនកំណត់។ ចង់បានអេក្រង់ OLED? iPhone X ជាជម្រើសតែមួយគត់។ ចង់បាន Face ID? iPhone X ជាជម្រើសតែមួយគត់។ ចង់បានតម្លៃធូរថ្លៃ? iPhone 8 ដែលប្រើរចនាបថចាស់គំរឹល ជាជម្រើសតែមួយគត់។
សម្រាប់ iPhone ជំនាន់ថ្មី នឹងមានការផ្លាស់ប្ដូរជាច្រើន។ iPhone ថ្មីទាំងបីនឹងមានប្រើមុខងារ Face ID ហើយមានពីរប្រើអេក្រង់ OLED។ មួយប្រភេទទៀតប្រើអេក្រង់ LCD មានតម្លៃធូរថ្លៃ ប៉ុន្តែមានរចនាបថដូច iPhone X។
បន្ថែមពីនេះ ការប្រកាសចេញ iPhone ថ្មី មានន័យថា iPhone ចាស់ៗនឹងមានតម្លៃធូរថ្លៃជាងមុន។ របាយការណ៍បានសន្និដ្ឋានថា iPhone X ដែលចេញឆ្នាំ ២០១៨ នឹងមានតម្លៃចាប់ផ្ដើមពី ៨៩៩ ដុល្លារ ចំណែក iPhone X Plus មានតម្លៃចាប់ផ្ដើមពី ៩៩៩ ដុល្លារ។
នេះមានន័យថា iPhone បច្ចុប្បន្ន ពោល iPhone X នឹងមានតម្លៃថោកជាងមុន។ ត្បិតថាពេលនេះ គេមិនច្បាស់ថា Apple នឹងមានដំណោះស្រាយបែបណាជាមួយ iPhone X ពេល iPhone X ជំនាន់ថ្មីប្រកាសចេញ។ ប៉ុន្តែហាងលក់រាយដែលមាន iPhone X ស៊េរីចាស់នៅក្នុងស្តុក អាចនឹងបន្ថយតម្លៃលក់ iPhone X ស៊េរីចាស់ដើម្បីឲ្យអស់ពីស្តុក ពោលអាចមានតម្លៃក្រោម ៨០០ ដុល្លារ។
បញ្ជាក់ថា នេះមិនមែនជាការណែនាំឲ្យអ្នករង់ចាំទិញ iPhone ស៊េរីចុងក្រោយនោះទេ។ ប៉ុន្តែប្រសិនបើអ្នកអាចរង់ចាំប៉ុន្មានសប្ដាហ៍ទៀត អ្នកនឹងមានជម្រើសជាច្រើន ជាមួយតម្លៃខុសៗគ្នា៕
ប្រភព៖ 9to5Mac
