ខែកញ្ញា និងតុលាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវទៅចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន៨ នៅក្រៅប្រទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខែកញ្ញា និងតុលាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវទៅចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន៨ នៅក្រៅប្រទេស

23/08/2018
(ភ្នំពេញ)៖ នៅក្នុងខែកញ្ញា និងតុលា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការងារមមាញឹកជាច្រើនទាំងក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី រួមនិងការទៅចូលរួមកិច្ចប្រជុំសំខាន់ៗនៅក្រៅប្រទេសចំនួន៨ផ្សេងទៀត។

ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាលនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែកញ្ញា និងខែតុលា ខាងមុខនេះ នៅក្រោយពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីរួចហើយ សម្តេចត្រូវចេញទៅចូលរួមបំពេញការងារសំខាន់ៗចំនួន៨នៅក្រៅប្រទេស។
បើតាមសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែកញ្ញា សម្តេចនឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ លុះដល់ថ្ងៃទី១២ ខែកញ្ញា ដដែលសម្តេចនឹងហោះពីប្រទេសចិន មកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅថ្ងៃទី២៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូហោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ។ សម្រាប់ខែតុលាវិញ សម្តេចតេជោ នឹងអញ្ជើញទៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាមេគង្គ-ជប៉ុន បន្ទាប់មកហោះមកកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រជុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាមួយអង្គការរូបិយវត្ថុអន្តរជាតិ។

នៅថ្ងៃទី១៧ ខែតុលា សម្តេចនឹងហោះពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងព្រុចហ្សែល ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប។ លុះថ្ងៃទី២០ ខែតុលា សម្តេចហោះពីព្រុចហ្សែល ទៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីបំពេញទស្សនកិច្ច។

លុះដល់ថ្ងៃទី២២-២៥ ខែតុលា សម្តេចនឹងដឹកនាំគណៈប្រតិភូហោះទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមវេទិកាពាណិជ្ជកម្ម។ ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកំពុងរស់នៅទីនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ហ្សឺណែវ ប្រទេសស្វីស សម្តេចនឹងប្រញាប់វិលត្រឡប់មកប្រទេសវិញ ដើម្បីពិនិត្យ និងអនុម័តលើច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៩ឲ្យបានទាន់ពេលវេលា៕