សម្តេចតេជោ ហ៊ុន សែន គ្រោងស្នើលើកលែងទោសទ្រង់ទ្រាយធំ នៅបុណ្យភ្ជុំបិណ្យ ក្នុងនោះមានសមាជិកក្រុមប្រឆាំង១២នាក់ដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន គ្រោងស្នើលើកលែងទោសទ្រង់ទ្រាយធំ នៅបុណ្យភ្ជុំបិណ្យ ក្នុងនោះមានសមាជិកក្រុមប្រឆាំង១២នាក់ដែរ

23/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា សម្តេចចង់ស្នើឱ្យមានការលើកលែងទោសទ្រង់ទ្រាយធំ ដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា នៅអំឡុងបុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកខាងខាងមុខនេះ ក្នុងនោះមានទាំងសមាជិកអតីតបក្សប្រឆាំងចំនួន១២នាក់ផងដែរ។ ប៉ុន្តែការលើកលែងទោសដល់ទណ្ឌិតទាំង១២នាក់នោះអាចនឹងប្រែប្រួលវិញ បើសិនជាមានអ្នកវាយប្រហារថា ការស្នើលើកលែងទោសអ្នកទាំងនោះ គឺធ្វើឡើងដោយសារមានសម្ពាធបរទេស។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើការសណ្តោសប្រណីណាមួយរបស់នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ជូនទៅអ្នកជាប់ទោស សូមកុំនិយាយថានេះបណ្តាលមកពីការគាបសង្កត់របស់បរទេសឱ្យសោះ សូមប្រយ័ត្នប្រយែងចំពោះការប្រើពាក្យសម្តីនេះ។ ខ្ញុំចង់ធ្វើការលើកលែងទោសទ្រង់ទ្រាយធំ នៅពេលខាងមុខ មិនមែនគ្រាន់តែមនុស្សប៉ុន្មាននាក់ទេ ប៉ុន្តែខ្ញុំមានគោលដៅថា នៅរដូវភ្ជំបិណ្ឌ ឬបុណ្យអុំទូក ឬបុណ្យឯករាជ្យ នៅឆ្នាំនេះ យើងអាចដំណើរការលើកលែងទោសទ្រង់ទ្រាយធំ ដើម្បីឱ្យពលរដ្ឋរបស់យើងដែលជាប់ពន្ធនាគារមានឱកាសចេញមក»

សម្តេចបានបន្តទៀតថា «ដូច្នេះក្រៅពីអ្នកជាប់ទោស ដែលត្រូវបានលើកលែងទោសកន្លងទៅ នឹងបន្តការលើកលែងទោសទៀត ហើយសូមកុំនិយាយថាបណ្តាលមកពីការគាបសង្កត់អន្តរជាតិ ខ្ញុំស្អប់ណាស់ពាក្យនេះ។ អញ្ចឹងសូមបងប្អូនដែលកំពុងជាប់នៅក្នុងពន្ធនាគារ ដែលខ្ញុំគ្រោងលើកលែងទោសប្រហែលជា១២នាក់ផ្សេងទៀត»

អ្នកទាំងនោះត្រូវបានសម្តេចតេជោ ហ៊ុន សែន ឱ្យធ្វើលិខិតស្នើសុំលើកលែងទោស ហើយពួកគេក៏បានធ្វើរួចហើយ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្នុងករណីដែលជនណាមួយធ្វើអត្ថាធិប្បាយថា គម្រោងការដោះលែងពួកគេនៅខាងមុខនេះកើតឡើងដោយសារតែមានការគាបសង្កត់ពីអន្តរជាតិនោះ សម្តេចនឹងទុកពួកគេនៅក្នុងពន្ធនាគារបន្តទៀត រហូតដល់អ្នកដែលត្រូវធ្វើលិខិតសុំលើកលែងទោស មានការថ្កោលទោសចំពោះអ្នកធ្វើអត្ថាធិប្បាយ។
សម្តេចបានបញ្ជាក់ថា «ខ្ញុំអាចមានលក្ខខណ្ឌនេះ សម្រាប់អ្នកដែលត្រូវធ្វើលិខិតសុំលើកលែងទោស។ អ្នកនៅក្រៅគុក ខ្ញុំយល់អំពីបំណងរបស់អ្នក គឺអ្នកចង់ឱ្យអ្នកនៅក្នុងគុកបន្តជាប់តទៅទៀត តែអ្នកមិនសោកស្តាយថាអ្នកទាំងនេះ ធ្លាប់បានរួមដំណើរជាមួយអ្នកក្នុងការប្រព្រឹត្តបទល្មើសនោះទេ»

សូមបញ្ជាក់ថា ការប្រកាសអំពីគម្រោងស្នើលើកលែងទោសទ្រង់ទ្រាយធំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានការដោះលែង អ្នកវិភាគនយោបាយ សកម្មជនដីធ្លី រួមទាំង អតីតអ្នកសារព័ត៌មាន ដែលត្រូវចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើស កាលពីអំឡុងឆ្នាំ២០១៦ និង២០១៧ កន្លងទៅនេះ ជាបន្តបន្ទាប់ ក្រោយពេលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។

លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសបានគ្រប់ចំនួន១៨ខែ។ ជាមួយគ្នានេះ សកម្មជនដីធ្លី សហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ក៏ត្រូវបានដោះលែងចេញពីពន្ធនាគារ «ម២» កាលពី៩យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា។ ដោយឡែក អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប គឺលោក អ៊ួន ឈិន ​និងលោក​ ​យាង សុធារិន​ ​ហៅ ​យាង​ សុជាមេត្តា ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះផងដែរ។
អ្នកនយោបាយ និងអ្នក​វិភាគ រួមទាំងអ្នកលេងបណ្តាញសង្គម Facebook មួយចំនួន បានសម្តែងការសាទរចំពោះការដោះលែងជនទាំងនោះ ហើយចាត់ទុកថា ការដោះលែងឱ្យមានសេរីភាពនេះ ជាការធ្វើឱ្យបរិយាកាសនយោបាយ នៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើងមួយកម្រិតទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ការដោះលែងទណ្ឌិត ដែលអនុវត្តទោសមិនទាន់ចប់សព្វគ្រប់ គឺធ្វើឡើងទៅតាមអំណាចនាយករដ្ឋមន្រ្តីដែលមានសិទ្ធិស្នើសុំការលើកលែងទោស និងអំណាចព្រះមហាក្សត្រដែលសម្រេចលើកលែងទោស។ ក្រៅពីអំណាចទាំងពីរនេះ មិនមានបុគ្គលណាផ្សេងមានសិទ្ធិក្នុងការលើកលែងទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជាឡើយ៕