ប្រទេសចិន៖ ថ្ងៃពុធ ទី២២សីហា អាជ្ញាធរចិន នៅភាគខាងជើងប្រទេស បានកម្ទេចផ្តាច់ជីវិតសត្វជ្រូកចំនួន ១ម៉ឺន៤ពាន់៥រយក្បាល ពីព្រោះតែសត្វជ្រូកទាំងនោះ មានជំងឺប៉េស។ អង្គការសហប្រជាជាតិដើម្បីស្បៀងអាហារនិងកសិកម្ម (FAO) បញ្ជាក់ថា ជំងឺប៉េសជ្រូកនេះ មិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែវាធ្វើឲ្យសត្វជ្រូកកើតគ្រុនក្តៅ និងងាប់ ហើយធ្វើឲ្យខាតបង់ចំពោះកសិកដ្ឋានដែលចិញ្ចឹមជ្រូក សម្រាប់កាប់សាច់លក់។
ចិនជាប្រទេសដែលមានប្រជាជន ប្រហែលជាពាក់កណ្តាលចិញ្ចឹមសត្វជ្រូក និងជាប្រទេសមានទម្លាប់ទទួលទានសាច់ជ្រូក ក៏ច្រើនជាងគេដែរ នៅលើលោក។ ពេលនេះ កសិករចិនកំពុងព្រួយភ័យ ដោយសារតែការរីករាយដាលជំងឺប៉េសជ្រូក ដែលធ្វើឲ្យជ្រូកងាប់រាប់ម៉ឺនក្បាល។
កាលពីថ្ងៃទី៣ ដើមខែសីហានេះ ចិនរកឃើញជ្រូកកើតជំងឺប៉េសអាហ្វ្រិក មួយករណីដំបូង នៅក្នុងផ្សារនៃខេត្ត ហ៊ីឡុងជៀង ភាគឦសានប្រទេស។ ហើយដើម្បីជាកិច្ចការពារ រដ្ឋអំណាចមូលដ្ឋាន បានអារកជ្រូកនៅមូលដ្ឋាននោះ អស់ជាច្រើនពាន់ក្បាល។ ជាង១០ថ្ងៃក្រោយមក ករណីទីពីរ បានផ្ទុះឡើងនៅភាគកណ្តាលនៃប្រទេសម្តង ដែលស្ថិតនៅចម្ងាយជាង ២ ៣០០ គីឡូម៉ែត្រពីករណីទីមួយ។
ពេលនេះ វាបានឆ្លងមកដល់ភាគខាងជើងប្រទេសចិនវិញម្តង។ គឺកើតនៅចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រតែប៉ុណ្ណោះ ពីក្រុងសៀងហៃ។ ហើយថ្ងៃពុធ ទី២២សីហានេះ អាជ្ញាធរមូលដ្ឋាន ខេត្ត លាងវិនកាំង បានបញ្ជាក់ថា ជ្រូកចំនួន ១ម៉ឺន៤ពាន់៥រយ ក្បាល បានត្រូវកម្ទេចចោល នៅទីដាច់ស្រយាលមួយ កាលពីដើមសប្តាហ៍។
គួរជ្រាបថា ជំងឺប៉េសជ្រូកនេះ កើតដំបូងក្នុងទ្វីបអាហ្វ្រិក ទើបគេហៅវាថា ជំងឺប៉េសជ្រូកអាហ្វ្រិក។ វាបានឆ្លងតៗគ្នា តាមរយៈការជួបគ្នារវាងជ្រូកព្រៃនិងជ្រូកស្រុក ហើយវាចម្លងតៗ ឆ្លងចូលដល់ប្រទេសរុស្ស៊ី រួចមក ទៅដល់ប្រទេសជាច្រើននៅទ្វីបអឺរ៉ុប។ កាលណាជ្រូកកើតជំងឺនេះ គឺត្រូវតែងាប់ ដោយសារតែគ្មានវាក់សាំង អាចចាក់បង្ការទប់ស្កាត់ការឆ្លងបាននៅឡើយទេ។ ឥឡូវនេះ គេថែមទាំងកំពុងព្រួយបារម្ភ ថាជំងឺប៉េសជ្រូក អាចនឹងឆ្លងហូរចូលទៅជប៉ុននិងកូរ៉េ៕
