តុលាការកំពូល នៅថ្ងៃពុធនេះ បានសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ដាក់ពន្ធនាគារដដែល ដោយតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ សេចក្តីសម្រេចរបស់តុលាការកំពូល ដែលមិនអនុញ្ញាតឲ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្តោះអាសន្ន គឺសំអាងហេតុថា ករណីលោក កឹម សុខា ជាបទល្មើសឧក្រិដ្ឋ ដែលចាំបាច់ត្រូវឃុំខ្លួនដើម្បីស៊ើបសួរ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ។ ក៏ប៉ុន្តែ លោកស្រី ម៉េង សុភារី មេធាវីមួយរូប ក្នុងចំណោមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានថ្លែងថាកូនក្តីរបស់លោកស្រី ធានាថា នឹងសហការជាមួយតុលាការគ្រប់ពេលវេលា ប្រសិនបើបាននៅក្រៅឃុំ។
