(ប្រទេសអូស្ត្រាលី)៖ បើតាមបណ្ដាសារព័ត៌មានក្នុងស្រុកបានរាយការណ៍នាថ្ងៃទី២២ ខែសីហាថា រដ្ឋមន្ត្រីអូស្ត្រាលីយ៉ាងតិច១០រូបបានសុំលាលែងពីតំណែង ដែលនោះជាគំនាបថ្មីសម្រាប់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក MALCOLM TURNBULLដែលអាចប្រឈមមុខនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារថ្មីមួយ ក្នុងផ្ទៃគណបក្សរបស់លោក។
ប្រមុខរដ្ឋាភិបាលអូស្ត្រាលីរូបនេះ កាលពីថ្ងៃទី២១ សីហា គេចផុតដោយប្រផិតប្រផើយ ពីការបាត់បង់តំណែងនាឱកាសនៃការបោះឆ្នោតផ្ទៃក្នុងគណបក្សសេរីនិយម ដែលតាមការស្ទាបស្ទង់មតិនានាថា អាចចាញ់ឆ្នោតគណបក្សប្រឆាំង គឺគណបក្សការងារ ខណៈសល់ពេល១ឆ្នាំទៀតដល់ការបោះឆ្នោតសភា។ ទោះបីយ៉ាងនេះក្ដីតំណែងរបស់លោកនៅតែផុយស្រួយ។
លោក MALCOLM TURNBULL ក្នុងការបោះឆ្នោតផ្ទៃក្នុងគណបក្សទទួលបានសំឡេងគាំទ្រ៤៨ទល់នឹង៣៥សំឡេងសម្រាប់រដ្ឋមន្ត្រីមហាផ្ទៃលោក PETER DUTTON ដែលបានសុំលាលែង។
នាយករដ្ឋមន្ត្រីដោយសារពុំទទួលបានការគាំទ្រក្នុងផ្ទៃគណបក្ស កាលពីថ្ងៃទី២០ សីហាបានបង្ខំចិត្តបោះបង់ចោល គម្រោងរបស់លោកបញ្ជូលក្នុងច្បាប់ទិសដៅរបស់អូស្ត្រាលីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ សញ្ញានៃជំហរផុយស្រួយរបស់ប្រមុខរដ្ឋាភិបាល ក្រៅពីរដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រី៩រូបទៀត ក៏ដាក់ពាក្យសុំលាលែងដែរ តែលោកទើបទទួលយល់ព្រមតែ២រូប គឺលោក DUTTON និងរដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិលោកស្រី CONCETTA FIERRAVANTI WELLS៕
