វៀតណាម៖ សកម្មជននៃចលនាប្រឆាំង១២នាក់ ក្នុងនោះពីរនាក់ជាពលរដ្ឋអាមេរិកដើមកំណើតវៀតណាម ត្រូវបានតុលាការក្រុងហូជីមិញ កាត់ទោសនៅថ្ងៃពុធទី ២២សីហា ២០១៨ ឱ្យជាប់ពន្ធនាគារពី ៥ ទៅ១៤ឆ្នាំ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ នេះបើតាមសារព័ត៌មានផ្លូវការនៃរបបកុម្មុយនិស្តវៀតណាម ដែលរឹតបន្តឹងគំនាបលើក្រុមអ្នកប្រឆាំងកាន់តែខ្លាំងឡើងៗ។
ជនជាប់ទោសទាំង១២នាក់ ជាសកម្មជនរបស់រដ្ឋាភិបាលបណ្តោះអាសន្នជាតិវៀតណាម (PNGV) ដែលជាចលនាប្រឆាំងនឹងបក្សកុម្មុយនិស្ត បង្កើតឡើងនៅឆ្នាំ១៩៩០ នៅរដ្ឋកាលីហ្វ័រនី។ កាលីហ្វ័រនី ជារដ្ឋមួយរបស់សហរដ្ឋអាមេរិក ដែលមានបណ្តាជនភៀសខ្លួនវៀតណាម ក្រោយសង្គ្រាម ១៩៧៥យ៉ាងច្រើនរស់នៅ។
ក្រោយដំណើរការសវនការ អស់រយៈពេល២ពីរថ្ងៃ តុលាការក្រុងហូជីមិញ បានប្រកាសសាលក្រម កាត់ទោសអ្នកទាំង១២នាក់ ពីបទបានចែកចាយខិត្តបណ្ណឃោសនានយោបាយ បានផ្សំគំនិតចង់ត្រួតត្រួតវិទ្យុជាតិ និងពីបទបានអំពាវនាវឱ្យមានបាតុកម្មថ្ងៃទី ៣០មេសា ២០១៧ ថ្ងៃខួបនៃការបញ្ចប់សង្គ្រាមវៀតណាមជាមួយអាមេរិក។ នេះបើតាមការលម្អិតរបស់សារព័ត៌មាន ហ្វាប់លួត កាសែតរបស់ក្រសួងយុត្តិធម៌វៀតណាម។
នៅក្នុងចំណោមសកម្មជនទាំង១២នាក់ ហ្វាន់ អង់ហ្សែល Phan Angel និងង្វៀន ចេមហាន Nguyen James Han ជនជាតិអាមេរិកដើមកំណើតវៀតណាម ត្រូវជាប់ទោសធ្ងន់ជាងគេ ដោយត្រូវជាប់ពន្ធនាគារម្នាក់ៗចំនួន ១៤ឆ្នាំ ពីបទធ្វើដំណើរពីអាមេរិកមកគាំទ្រចលនាក្បត់ចង់ផ្តួលរំលំរដ្ឋាភិបាលក្រុងហាណូយ។ អ្នកទាំងពីរនឹងត្រូវបណ្តេញចេញពីទឹកដីវៀតណាម ក្រោយបញ្ចប់ទណ្ឌភាព។
សូមបញ្ជាក់ថាមុនការកាត់ក្តីនេះ មានសមាជិកចលនាប្រឆាំងកុម្មុយនិស្តPNGV ចំនួន១៥នាក់ហើយដែលបានរងការកាត់ទោសពីបទប៉ុនប៉ងធ្វើវិច្ឆេទកម្ម កាលពីឆ្នាំទៅប្រឆាំងអាកាសយានដ្ឋានអន្តរជាតិTan Son Nhat ក្រុងហូជីមិញ។ ក្រុមចលនានេះ ក៏ធ្លាប់រងការចោទប្រកាន់ថាបានដាក់បង្កៃគ្រាប់បែកផ្ទុះ ប្រឆាំងប៉ុស្តិ៍ប៉ូលិសមួយ កាលពីខែមិថុនាកន្លងទៅបណ្តាលឱ្យមនុស្សបីនាក់រងរបួស។
ដូចជាបណ្តាប្រទេសកុម្មុយនិស្តដទៃ មានរបបនយោបាយឯកបក្ស វៀតណាមតែងតែចាប់សកម្មជនបក្សប្រឆាំងញាត់ក្រោយចំរ៉ឹងដែក។ មានអ្នកទោសមនសិការមិនតិចរយនាក់ទេ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។ នេះបើតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស Amnesty International កាលពីដើមឆ្នាំ។
ស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ថានឹងតានដានសុខមាលភាព និងផលប្រយោជន៍ពលរដ្ឋអាមេរិកទាំងពីររហូតដល់ថ្ងៃមានសេរីភាពវិញ៕
