អាមេរិក៖ នៅថ្ងៃអង្គារម្សិលមិញ លោកប្រធានាធិបតីបានទទួលដំណឹងយ៉ាងអាក្រក់ធ្លាក់មកពីតុលាការ ដែលអាចប៉ះពាល់ដល់លោកកាន់ខ្លួន កាន់តែកៀកឡើងៗ។ តុលាការអាមេរិកបានសម្រេចផ្តន្ទទោស លោក ប៉ូល ម៉ាណាហ្វ័រ paul Manafort អតីតនាយកដឹកនាំយុទ្ធនាការឃោសនា ពីបទលួចគេចពន្ធ។ ក្នុងថ្ងៃតែមួយដដែលនេះ លោក Michael Cohen មេធាវីផ្ទាល់ខ្លួនរបស់លោកត្រាំ ទើបបានទទួលស្គាល់ថាមានការលួចគេចពន្ធនិងបានរំលោភច្បាប់ហរិញ្ញវត្ថុ ពេលឃោសនាបោះឆ្នោតមែន តែក្រោមបញ្ជារបស់លោកត្រាំ។
នៅចំពោះមុខតុលាការក្រុងញូវយ៉ក និងក្នុងសាលសវនាការ ដែលមានមនុស្សចូលស្តាប់ពេញ លោក មាយខឺល កូអែន Michael Cohen បានព្រមទទួលកំហុស ស្របតាមបទចោទប្រកាន់ ៨ចំនុច ពីបទលួចគេចពន្ធ និងធនាគារ ព្រមទាំងពីបទរំលោភច្បាប់ហិរញ្ញវត្ថុក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ អ្វីជាការកត់សម្គាល់ខ្លាំង គឺលោក បានឆ្លើយសារភាព ក្រោយសម្បថ ក្នុងទឹកមុខជាមនុស្សចាញ់ និងក្នុងសំឡេងមិនសូវលះ ថាលោកពិតជាបានលួចផ្តល់លុយ ១៣ម៉ឺន និង១៥ម៉ឺនដុល្លារ ទៅឱ្យស្ត្រីពីរនាក់ ជាអ្នកថតកុនសិច ដែលលោកត្រាំ ធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយ ក្នុងឆ្នាំ២០០០មែន។ ហើយជាការយកលុយបោះឆ្នោតដើម្បីបំបិទមាត់ស្ត្រី តាមបញ្ជារបស់បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីកុំឱ្យរឿងអាស្រូវផ្លូវភេទផុសផុល នាំឱ្យចាញ់ឆ្នោតប្រធានាធិបតី។
ពាក្យសារភាពនេះ ប្រៀបដូចជាគ្រាប់បែកផ្ទុះ ហែកបង្ហាញថាបេក្ខជនដែលឈ្នះឆ្នោត ឆ្នាំ ២០១៦បានក្លាយជាប្រធានាធិបតីអាមេរិក បានប្រព្រឹត្តបទល្មើស ! ដែលធ្លាប់តែបានប្រកាសបដិសេធរហូតមកថាមិនបានធ្វើអ្វីជារំលោភច្បាប់ឡើយ។ សម្រាប់ខាងក្រុមរបស់មេធាវីរបស់ស្ត្រីថតកុនអាសអាភាសទាំងពីរនាក់ ការពិតបានទម្លាយហើយ បើមេធាវី មាយខឺល កូអែនខុស រឿងអីមិនធ្វើការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែរ ?! លោកត្រូវតែទទួលខុសត្រូវក្នុងរឿងនេះ។
ម្យ៉ាងវិញទៀត សេចក្តីសារភាពរបស់លោក មាឃខឺល កូអែន គឺប្រៀបដូចជាព្រនង់វាយសំពងលើលោកត្រាំ ព្រោះវាចេញពីបបូរមាត់ របស់មនុស្សជំនិត ដែលធ្លាប់ដឹងរឿងសំងាត់ៗ តាំងពីជាងមួយទសវត្សរ៍មកហើយ ! លោក Michael Cohen ធ្លាប់តាំងខ្លួនជាអាវក្រោះរបស់លោកត្រាំ ត្រៀមទទួលគ្រាប់ជំនួស ការពារលោកត្រាំផង។ លោកក៏ធ្លាប់បានអះអាងថា ឡើងមកតុលាការដើម្បីដោះស្រាយបញ្ហា ប៉ុន្តែថ្ងៃនេះអតីតមេធាវីផ្ទាល់ខ្លួនរបស់លោកត្រាំ កំពុងក្លាយទៅជាប្រភពនៃកង្វល់ដ៏សំខាន់របស់ម្ចាស់សេតវិមានទៅវិញហើយ។
សហការដើម្បីសម្រាលទោសពៃរ៍
លោក កូអែន ជាមនុស្សជំនិតបំផុត របស់លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនត្រាំ។ លោកនៅតែបន្តផ្តល់ប្រឹក្សាដល់លោកប្រធានាធិបតី ក្រោយជាប់ឆ្នោតដដែល។ ទំនាក់ទំនងរវាងអ្នកទាំងពីរ ធ្វើត្រូវញែកចេញពីគ្នាខ្លាំង នារយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ។
បើតាមបទចោទប្រកាន់ លោក កូអែន ដែលពេលនេះមានអាយុ៥២ឆ្នាំ អាចនឹងត្រូវមានទោសសរុប ជាប់ពន្ធនាគារដល់ទៅ ៦៥ឆ្នាំ។ ក៏ប៉ុន្តែ ជម្រើសសារភាព និងសហការជាមួយតុលាការ យ៉ាងពេញលេញ លោកអាចសម្រាលទោសបានច្រើន ឱ្យធ្លាក់មកត្រឹមតែ ៥ឆ្នាំ និងបីខែប៉ុណ្ណោះ យ៉ាងច្រើនបំផុត។ នេះបើសេចក្តីប្រកាសរបស់ចៅក្រមទៅកាន់អង្គសវនការ ដែលកំណត់ថវិកា កន្លះលានដុល្លារ ជាថ្នូរនឹងការផ្តល់សេរីភាពឱ្យដើរហើរក្រៅឃុំ នាពេលនេះ។ សាលក្រមសម្រេច នឹងត្រូវប្រកាសនៅថ្ងៃទី ១២ ធ្នូ ២០១៨។
បន្ថែមពីលើរឿងមេធាវីកូអែន សំណុំរឿងលោក ប៉ូល ម៉ាណាហ្វ័រ Paul Manafort អតីតប្រធានក្រុមឃោសនាបោះឆ្នោតរបស់លោក ត្រាំត្រឹមខែសីហា២០១៦ បានផុសត្រដែតឡើងដែរ។
នៅថ្ងៃម្សិលមិញនេះ តុលាការក្រុងវីហ្ស៊ីនី សហរដ្ឋអាមេរិក បានរកឃើញថា លោក ប៉ូលម៉ាណាហ្វ័រ ពិតជាបានប្រព្រឹត្តកំហុស ការលួចគេចពន្ធ និងមានគណនីធនាគារនៅបរទេសដូចមាននៅក្នុងបទចោទប្រកាន់៨ ក្នុងចំណោមបទល្មើសទាំង១៨។ នៅក្នុងបទល្មើសនេះ អតីតប្រធានក្រុមឃោសនាបោះឆ្នោតរបស់លោកត្រាំ អាចនឹងត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៣០ឆ្នាំ។ តែបើសរុបទោស បូកថែមនឹងបទចោទប្រកាន់ចំនួន១០ទៀត ដែលក្រុមចៅក្រមនៅមិនទាន់សម្រេចត្រូវគ្នាឡើយ លោក ម៉ាណាហ្វ័រ អាចនឹងត្រូវជាប់ពន្ធនាគារ ដល់ទៅ ៨០ឆ្នាំឯណោះ។ ប៉ុន្តែដោយហេតុថាលោក មានអាយុ៦៩ឆ្នាំទៅហើយ តុលាការទំនងជាអាចផ្តន្ទទោសឱ្យ លោក ម៉ាណាហ្វ័រ ជាប់ពន្ធនាគារ ត្រឹមតែ៧ទៅ៩ឆ្នាំយ៉ាងយូរ។
នៅថ្ងៃទី ១៧កញ្ញា តុលាការនឹងបើកសាលក្រមជាលើកទីពីរ ខាងមុខ សម្រាប់អារកាត់លើបទចោទប្រកាន់ដែលនៅសេសសល់ មានជាអាទិ៍បទចោទប្រកាន់ថាលោក ម៉ាណាហ្វ័រ មានទំនាក់ទំនាក់ទំនងជាមួយទីប្រឹក្សានយោបាយរុស្ស៊ី-អ៊ុយក្រែន ដែលមានចំណងជាមួយភ្នាក់ងារសម្ងាត់រុស្ស៊ី។
ហើយគឺសាលក្រមទីពីរនេះឯង ដែលទាក់ចំណាប់អារម្មណ៍ខ្លាំង ដោយអាចទាញ ភ្ជាប់ជាមួយការសង្ស័យរុស្ស៊ីចូលលូកដៃក្នុងការបោះឆ្នោតអាមេរិក។ បើទោះបីបទចោទប្រកាន់នេះ មានពាក់ព័ន្ធទៅនឹងសកម្មភាពការងារ ពេលមុនឃោសនាបោះឆ្នោតក៏ដោយ ក៏សាលក្រមនេះត្រូវបានចាត់ទុកថាជាចំណែកមួយនៃជោគជ័យរបស់ Robert Mueller រដ្ឋអាជ្ញាពិសេសទទួលបន្ទុកអង្កេតតាំងពីខែឧសភា២០១៧មក លើបទសង្ស័យរុស្ស៊ីចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
លោក ម៉ាណាហ្វ័រ រក្សាភាពស្ងប់ស្ងាត់ជានិច្ច នៅពេលស្តាប់តុលាការប្រកាសទោស។ ឯលោកដូណាល់ត្រាំ បានបញ្ចេញប្រតិកម្មថា សំណុំរឿងនេះគ្មានពាក់ព័ន្ធនឹងលោកទេ ហើយក៏គ្មានពាក់ព័ន្ធនឹងរឿងរុស្ស៊ីក៏ទេដែរ។ តែលោកចៀសមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងករណីមេធាវី កូអែនទេ៕
