ភ្នំពេញ៖ ក្រោយពីឃាត់ខ្លួននារីជនជាតិចិន ដែលបានបើករថយន្តបំបុកជនសង្ស័យពីរនាក់បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ដោយសារបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតម្លៃជិត២ពាន់ដុល្លាររបស់នាង កាលពីថ្ងៃអាទិត្យទី១២ ខែសីហា នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីបំផុត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនរូបនោះជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១៦ ខែសីហា នេះ ។នារីជាប់ចោទមានឈ្មោះ ថាង យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ត្រូវបាន កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស គឺ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២១៨ និង មាត្រា២២៤នៃក្រមព្រហ្មទណ្ឌ និង បទបើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវ តាមមាត្រា៧៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ប្រភពព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា បច្ចុប្បន្នជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ដោយដំណាក់កាលនេះរង់ចាំតែចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ។
បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។ទាក់ទងនឹងរឿងក្ដីនេះ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បាននិយាយយ៉ាងដូច្នេះថា គួរតែនាំប៉ូលិស និងអាជ្ញាធរពាក់ព័ន្ធទៅតុលាកាដែរ ព្រោះតែអសមត្ថភាពការពារ ក៏ដូចជារក្សានូវសុវត្ថិភាពដល់ប្រជាពលរដ្ឋស្លូតត្រង់ ធ្វើឱ្យពួកគាត់ធ្វើដំណើរដោយភាពភ័យខ្លាច ។
លោក សុខ ទូច បានបន្តទៀតថា បើខ្ញុំក៏ធ្វើបែបនេះដែរ ព្រោះអ្នកជិះម៉ូតូគ្រោះថ្នាក់ចំពោះក្រុមនេះច្រើនណាស់។ គួរត្រូវផ្ដល់មេដាយដល់ស្ត្រីនេះ បើសិនរឿងនេះជាការពិត។ យើងដឹងថា ធ្វើបែបនេះជាទោសឧក្រិដ្ឋ តែក្រុមនេះសាហាវណាស់។ គួរតែបង្កើតច្បាប់ដោយឡែកទៅលើជនបែបនេះ ៕
