អ៊ីតាលី៖ ក្រោយបាក់ស្ពានដ៏សោកនាដកម្ម នៅទីក្រុង Gênes (ឬ Genova) រដ្ឋាភិបាលអ៊ីតាលី ថ្ងៃព្រហស្ប៍ ទី១៦សីហានេះ បានចេញក្រឹត្យដាក់តំបន់ Gênes ភាគខាងជើងប្រទេស ឲ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន រយៈពេល១ឆ្នាំ។ រហូតមកទល់ពេលនេះ ក្រុមជួយសង្គ្រោះនៅតែបន្តរុករកជនរងគ្រោះបន្តទៀតនៅឡើយ។
ទន្ទឹមនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់៣៩នាក់ហើយ ក្នុងនោះមានជនជាតិបារាំង៤នាក់ផង។ពីរថ្ងៃក្រោយកើតឧប្បទ្ទហេតុបាក់ស្ពាន រដ្ឋអំណាចអ៊ីតាលី សម្រេចដាក់ទីក្រុង Gênes ឲ្យស្ថិតក្នុងភាពប្រកាសអាសន្ន ចំនួន១២ខែ។ សេចក្តីសម្រេចបែបនេះ គឺអាចអនុញ្ញាតឲ្យអាជ្ញាធរច្បិតយកថវិកាជាតិចំនួន៥លានអឺរ៉ូ ដើម្បីចាត់ចែងជួយដល់ជនរងគ្រោះ។ អាជ្ញាធរ ថែមទាំងបានសន្យាជួយទទួលទំនុកបម្រុងការស្នាក់ដល់មនុស្ស៦៣០នាក់ ដែលរងផលប៉ះពាល់ នៅជុំវិញកន្លែងដែលស្ពានបាក់ផង។
ទន្ទឹមនេះ រដ្ឋាភិបាលអ៊ីតាលី បានប្រកាសថ្ងៃបុណ្យកាន់ទុក្ខសម្រាប់ជាតិ ដែលបើតាមកាសែតក្នុងស្រុកអ៊ីតាលី គេអាចកំណត់យកថ្ងៃសៅរ៍ខាងមុខនេះ គឺជាថ្ងៃបូជាសពជនរងគ្រោះតែម្តង។ សូមជ្រាបថា គិតមកត្រឹមថ្ងៃព្រសហ្បតិ៍នេះ ចំនួនអ្នកស្លាប់បានកើតឡើងដល់ ៣៩នាក់ ហើយ១៦នាក់ផ្សេងទៀតកំពុងរងបួសធ្ងន់។ ក្នុងហេតុការណ៍រលំបាក់ស្ពាននេះ គឺក្រៅពីសម្លាប់ពលរដ្ឋអ៊ីតាលីជាច្រើន ក៏មានជនបរទេសស្លាប់ដែរ។ ក្នុងនោះមានជនជាតិឈីលីម្នាក់ កូឡុំប៊ីម្នាក់ ហើយនិងយុវជនជាតិបារាំង៤នាក់។
រដ្ឋអាជ្ញាទីក្រុងប៉ារីស ក៏បានប្រកាសបើកការស៊ើបអង្កេតក្នុងសំណុំរឿងនេះដែរ ដោយចោទពីបទឃាតកម្មដោយអចេតនា។សូមបញ្ជាក់ថា ស្ពានអាកាស ធ្វើពីបេតុង ដែលបាក់កាលពីថ្ងៃអង្គារនេះ មានឈ្មោះ Morandi ដែលយកឈ្មោះតាមវិស្វករអ៊ីតាលី។ វាមានប្រវែងជិត១ពាន់២រយម៉ែត្រ។ ហើយពីរថ្ងៃមុននេះ កំណាត់ស្ពាន ចន្លោះប្រវែង២០០ម៉ែត្រ បានរំលំបាក់ ដោយនាំយករថយន្ត ឡានកាំមីញ៉ុង កុងទឺន័រ ចំនួន៣៥គ្រឿង ឲ្យធ្លាក់មកជាមួយផង។
ភ្លាមៗ រដ្ឋាភិបាលអ៊ីតាលី មានចំណាត់ការវែងមុខអ្នកទទួលខុសត្រូវ ហើយនិងបានសម្រេចដកហូតសិទ្ធិសម្បទានគ្រប់គ្រងស្ពាន ពីក្រុមហ៊ុនឯកជន Autostrade Per Italia ។ ឥឡូវនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ស្ពាននេះ បានដាំក្បាលចុះជាខ្លាំង៕
