អាមេរិក៖ កាសែតទាំងធំទាំងតូច បានព្រួតដៃគ្នាសរសេរចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានឆ្លើយវាយបកទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា “កាសែតពុំមែនជាសត្រូវរបស់ប្រជាជននោះទេ” និងថា អ្នកដែលនិយាយដូច្នេះទៅវិញទេ ដែលជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។ សារព័ត៌មាន Boston Globe បានសរសេរពន្យល់ ហាក់ដូចជាចង់ខ្សឹបដាក់ត្រចៀកលោក ដូណាល់ ត្រាំ ថា « ប្រព័ន្ធផ្សព្វផ្សាយពុំមែនជាត្រូវរបស់ប្រជាជននោះឡើយ»។
កាសែតនេះ បានយកឃ្លាដូច្នេះដាក់ជាចំណងជើងនៃអត្ថបតបទវិចារណកថា របស់ខ្លួនតែម្តង។កាសែត The New York Times វិញ បានចេញសំណេរថា ការដែលហៅអ្នកកាសែតជាសត្រូវរបស់ប្រជាជន គឺជារឿងមួយដ៏គ្រោះថ្នាក់សម្រាប់ជីវិតនៃលទ្ធិប្រជាធិបតេយ្យ។ The New York Times ក៏បានស្រង់សម្តីអតីតប្រធានាធិបតី Ronald Reagan ហាក់ដូចជាចង់ដាស់តឿនលោកត្រាំថា ការអនុវត្តសេរីភាពភាពបញ្ចេញមតិរបស់កាសែត គឺគ្រឹះដ៏សំខាន់របស់លទ្ធិប្រជាធិបតេយ្យ។
កាសែត The New York Times ដ៏ធំនេះ បានចេញផ្សាយការស្ទង់មតិរបស់ពលរដ្ឋអាមេរិក ឲ្យដឹងថា មានពលរដ្ឋអាមេរិក៩០ភាគរយៈ ដែលជាអ្នកស្រឡាញ់បក្សប្រជាធិបតេយ្យ យល់ថា សេរីភាពរិះគន់របស់កាសែត គឺជាសារៈសំខាន់ដែលធានាសុវត្ថិភាពរបស់សេរីភាពនោះឯង។
រីឯកាសែត The Arizona Daily Star ទំនងជាបានដំឡើងសម្តីធ្ងន់បន្តិចដែរ ដោយសរសេរឡើង ថាបើអ្នកកាសែតមិនសរសេររិះគន់ ហើយទៅចូលរួមសន្និសីទ ចាំតែអង្គុយស្តាប់របាយការណ៍នៃកិច្ចប្រជុំដ៏សែនធុញទ្រាន់ របស់រដ្ឋាភិបាល គឺមិនបាច់គួរធ្វើអ្នកកាសែតទេ។
លោក Ken Paulson អតីតអ្នកសរសេរបទវិចារណកថា ឲ្យកាសែត USA Today បានបញ្ចេញយោបល់ ដោយលោកមិនគិតថា អ្នកកាសែតអាចទ្រាំអង្គុយមើលបុរសដ៏មានអំណាចម្នាក់លើលោក រំលាយសិទ្ធិសេរីភាពដែលបានត្រូវធានាដោយរដ្ឋធម្មនុញ្ញអាមេរិក បាននោះទេ។
ដូច្នេះអ្នកកាសែតត្រូវតែធ្វើកិច្ចការសរសេររិះគន់របស់ពួកគេតទៅទៀត។គួរជ្រាបដែរថា សារព័ត៌មាន Boston Globe ក៏បានធ្វើយុទ្ធនាការប្រមូលការគាំទ្រ ដោយឲ្យអ្នកប្រើអ៊ិនធឺនែតសរសេរថា គ្មានត្រូវរបស់អ្នកណាទេ។ យុទ្ធនាការនេះ មានកាសែតជាង២០០ស្ថាប័នហើយ បានចូលរួមគាំទ្រ៕
