សហរដ្ឋអាមេរិក និងប្រទេសទួរគីបច្ចុប្បន្នត្រូវបានគេដឹងថាកំពុងរងបញ្ហាច្របូកច្របល់នៃនយោបាយការទូត រហូតបណ្តាលឲ្យផ្ទុះកើតមានសង្គ្រាមសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ឆ្លើយតបមកវិញប្រធានាធិបតីលោក Reycep Teyepp Erdogan បានអំពាវនាវឲ្យពលរដ្ឋខ្លួនបញ្ឈប់ការទិញទំនិញអេឡិចត្រូនិករបស់អាមេរិក ជាពិសេសគឺទូរសព្ទ iPhone នៃក្រុមហ៊ុន Apple។
ក្នុងសន្ទរកថារាយការណ៍ដោយ CNBC លោក Erdogan បានមានប្រសាសន៍ថា៖ "ប្រសិនពួកគេមានប្រើប្រាស់ iPhone នោះក៏នឹងមាន SAMSUNG នៅផ្នែកម្ខាងទៀត ទាំងដែលពួកយើងក៏កំពុងមានម៉ាកទូរសព្ទផ្ទាល់ខ្លួន ពោលគឺយើងនឹងផលិតឲ្យបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក ជាជាងការនាំចូលទំនិញពីសហរដ្ឋអាមេរិក”។
លោក Erdogan បានបង្ហើបនូវស្លាកយីហោ Vestel Venus ជាក្រុមហ៊ុនក្នុងស្រុកផលិតឧបករណ៍អេឡិចត្រូនិកមានតាំងពីស្មាតហ្វូនដល់ទូរទស្សន៍។ Z20 ម៉ូឌែលស្មាតហ្វូនចុងក្រោយនៃក្រុមហ៊ុន Vestel ដាក់បង្ហាញកាលពីដើមឆ្នាំ ២០១៨ ស្ថិតនៅតម្លៃលក់ ២៨០ ដុល្លារ ។
ជាស្មាតហ្វូនធុនកណ្តាលបំពាក់អេក្រង់ ៥,៦៥ អ៊ីញ កម្រិត FHD មាត្រដ្ឋាន ១៨:៩ អមឈីប Qualcomm Snapdragon 630 លាយឡំ RAM ទំហំ 4GB និង ROM 64GB។ ប្រព័ន្ធដំណើរការ Android 8.1 Oreo បំពាក់នូវកាមេរ៉ាភ្លោះក្រោយ ១៦ + ៥MP និងខាងមុខ ៥MP៕
ប្រភព៖ thenextweb
