យោងតាមក្រុមស្រាវជ្រាវ TrendForce បានឲ្យដឹងថាក្រុមហ៊ុន Apple រំពឹងនឹងចេញផ្សាយកុំព្យូទ័រ MacBook Air សេរ៊ីថ្មីនាចុងត្រីមាសទី ៣ អំឡុងខែកញ្ញាឬតុលា ឆ្នាំ ២០១៨ នេះ។
ដោយគ្មានការបង្ហើបច្បាស់ពីព័ត៌មានលំអិតទាក់ទងនឹងលក្ខណៈសម្បត្តិម៉ាស៊ីន ចចាមអារ៉ាមនេះ ក៏ស្រដៀងនឹងការលើកឡើងរបស់អ្នកវិភាគលោក Ming-Chi Kuo ក៏ដូចជាអ្នករាយការណ៍ឲ្យ Bloomberg លោក Mark Gurman ធ្លាប់ប៉ាន់ប្រមាណប្រហែលគ្នាពីការត្រៀមដាក់បង្ហាញប្រភេទ Notebook ធុនធម្មតានាចុងឆ្នាំ គ្រាន់ពុំបញ្ជាក់ថាជាត្រកូល Pro ឬ Air។
តាមការរំពឹងទុក អាចជា MacBook Air រចនាថ្មីអេក្រង់ ១៣ អ៊ីញ ក្រោយខានដាក់បង្ហាញតាំងពីឆ្នាំ ២០១៥ ជាមួយតម្លៃត្រឹម ៩៩៩ ដុល្លារ ឬអាចទាបជាងនេះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុនលោក Tim Cook ប្រកាសបញ្ឈប់ចង្វាក់ផលិតកម្មអេក្រង់ ១១ អ៊ីញនាពេលកន្លងមក។
យ៉ាងណាមិញ ភាគរយច្រើនអាចពន្យារដល់ខែតុលា ព្រោះខែកញ្ញាជាព្រឹត្តិការណ៍ធំរបស់ Apple រំពឹងចេញផ្សាយ iPhone ថ្មីដល់ទៅ ៣ ម៉ូឌែល គួបផ្សំ Apple Watch Series 4 ក៏ដូចជាកាស AirPods សេរ៊ីឆ្នាំ ២០១៨៕
ប្រភព៖ macrumors
