មនុស្ស​ស្លាប់កើន​ដល់​១៣១នាក់ ក្រោយគ្រោះរញ្ជួយដី​វាយប្រហារភាគ​កណ្តាល​ឥណ្ឌូណេស៊ី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មនុស្ស​ស្លាប់កើន​ដល់​១៣១នាក់ ក្រោយគ្រោះរញ្ជួយដី​វាយប្រហារភាគ​កណ្តាល​ឥណ្ឌូណេស៊ី

08/08/2018
(ហ្សាការតា)៖ ចំនួនមនុស្ស​ស្លាប់​ដោយសារគ្រោះរញ្ជួយដី​ជម្រៅរាក់​​មួយ កម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារ​កោះ លុមបុក (Lombok) ភាគ​កណ្តាលប្រទេស​ឥណ្ឌូណេស៊ី​បានកើនដល់ ១៣១នាក់​ហើយ ខណៈប្រជាជន​​ឥណ្ឌូណេស៊ី​​ប្រហែល ១៥៦,០០០នាក់ ត្រូវបាន​ជម្លៀស​​​ខ្លួនចេញពីទីលំនៅ​របស់របស់​ពួកគេ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃ​ពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
បើតាមការ​ឲ្យដឹងពីអាជ្ញាធរឥណ្ឌូណេស៊ី​នៅថ្ងៃពុធនេះ ​គ្រោះរញ្ជួយដី​ខាងលើ​ ដែលបានកើត​មានឡើងកាលពី​ថ្ងៃអាទិត្យ បាន​ផ្តាច់​ជីវិត​​មនុស្ស​​កើន​ដល់យ៉ាងតិច ១៣១នាក់ និង​​បានបង្កភាពវឹកវរ​ជាខ្លាំងដល់​ប្រជាជន​រស់នៅក្នុងតំបន់ ព្រមទាំង​ភ្ញៀវទេសចរ ខណៈ​កាល​ពី​មួយ​សប្តាហ៍មុនកោះ​ទេសចរណ៍ Lombok ​ដែលមានមនុស្ស​រស់នៅជាង ០៣លាននាក់នេះ ទើបតែបាន​ទទួលរងការវាយលុក​​ដោយគ្រោះរញ្ជួយដី​កម្រិតធ្ងន់មួយ​ផ្សេង​ទៀត ដែលបាន​សម្លាប់ជីវិត​​មនុស្ស ១៧នាក់ ហើយ​ប៉ុណ្ណោះ។
គួរជម្រាបថា ក្រៅពីនេះ​​មនុស្សប្រមាណ ១,៤៧៧នាក់ ក៏បានរងរបួស​ផងដែរ ដោយសារគ្រោះ​រញ្ជួយផែនដីកាលពី​ថ្ងៃអាទិត្យ រួមជាមួយ​ផ្ទះ​សម្បែង​រាប់ម៉ឺនខ្នង បានទទួល​រងការខូចខាត ហើយហេតុការណ៍នេះ ក៏បានបង្ខំឲ្យ​​អ្នកទេសចរ​រាប់ពាន់នាក់ ដែលភាគច្រើន​មក​ពី​បរទេស​​ធ្វើ​ការ​ជម្លៀសខ្លួន ​ជាបន្ទាន់ចេញពី​ប្រជុំកោះជីលី (Gili) ដែលនៅក្បែរកោះ Lombok ផងដែរ។
ទន្ទឹមនឹងនេះ​ក៏មានការភ័យព្រួយថែម​ទៀតផង ចំនួនមនុស្សស្លាប់​នឹងបន្តកើនឡើង ដោយ​ក្រុមជួយ​សង្រ្គោះកំពុងប្រើគ្រឿង​​យន្ត ​គាស់​កកាយ​គំនរដួលរលំ​នៃផ្ទះសម្បែង សាលារៀន និងព្រះវិហារ​ជាមួយក្តីសង្ឃឹម​កាន់តែតិច​ទៅៗនៃការ​តាមស្វែងរកជន​ដែលនៅរស់រាន​​មានជីវិត៕