(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រ៉ូហានី បាននិយាយថា សហរដ្ឋអាមេរិកបានក្លាយជាប្រទេសមួយដែលមិនអាចទុកបាន នៅក្នុងក្រសែភ្នែកអន្តរជាតិដោយសារតែការប្តេជ្ញារបស់មហានេះកន្លងមក គឺគ្មានទៀតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
ចំពោះមុខការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់លោក រួហានី បានថ្លែងពាក្យស្វាគមន៍យ៉ាងដូច្នេះថា «ប្រទេសជាមិត្តទាំងអស់គួរតែងើបឈរឡើងព្រមៗគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ អ៊ីរ៉ង់មានឆន្ទៈខ្ពស់ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យទាំងអស់ ជាមួយនិងសហគមន៍អន្តរជាតិក្នុងនោះរួមទាំងទីក្រុងព្យុងយ៉ាងផងដែរ»។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងកូរ៉េខាងជើងសុទ្ធតែកំពុងស្ថិតនៅក្នុងបញ្ចីខ្មៅ នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដូចគ្នា ខុសតែកូរ៉េខាងជើង គឺកំពុងជាប់ទណ្ឌកម្មធ្ងន់ធ្ងរជាងពីសំណាក់អង្គការសហប្រជាជាតិ (UN)។ បច្ចុប្បន្នទណ្ឌកម្មមិនទាន់ត្រូវបានដកចេញនោះទេពីកូរ៉េខាងជើង ដោយសហរដ្ឋអាមេរិក និងអន្តរជាតិនៅទន្ទឹងរង់ចាំមើលកូរ៉េខាងជើងធ្វើតាមពាក្យសន្យា ដោយបំផ្លាញអាវុធនុយក្លេអ៊ែរទាំងស្រុងជាមុនសិន៕