កុំភ្លេច​ណា! ទស្សនាបាតុភូត​ទេពច្យុតធ្លាក់​លើភពផែនដី នៅយប់ថ្ងៃ​ចុងសប្តាហ៍​នេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុំភ្លេច​ណា! ទស្សនាបាតុភូត​ទេពច្យុតធ្លាក់​លើភពផែនដី នៅយប់ថ្ងៃ​ចុងសប្តាហ៍​នេះ!

08/08/2018
(អាមេរិក)៖ នារាត្រីថ្ងៃអាទិត្យ​​ចុងសប្តាហ៍នេះ និងនៅពេលរំលងអធ្រាតឆ្លងចូលថ្ងៃចន្ទ​សប្តាហ៍ក្រោយ​ បាតុភូត​ទេពច្យុត (Meteor Shower) ដ៏ល្បីឈ្មោះ​មួយនឹង​​កើតមានឡើង​លើផ្ទៃមេឃ ហើយនៅក្នុងប្រទេស​កម្ពុជាយើង ក៏អាចនឹងទស្សនាឃើញ​ផងដែរ។ នេះបើតាម​ដក​ស្រង់​ការផ្សាយ​ចេញពី​វែបសាយ Space.com នៅ​ព្រឹកថ្ងៃ​ពុធ ទី​០៨ ខែសីហា ឆ្នាំ២០១៨។
ទេពច្យុត​​ឈ្មោះថា Perseid Meteor Shower នឹងអាចត្រូវមើល​ឃើញលើផ្ទៃមេឃ​ ចាប់ពីវេលាយប់​ថ្ងៃអាទិត្យ​ខាង​មុខនេះ ​​រហូត​ឈាន​ចូល​ដល់​ថ្ងៃ​ចន្ទ​​សប្តាហ៍ក្រោយ ដែលជាពេលវា​បញ្ចេញអាចម៍ផ្កាយ​ច្រើនជាងគេ​​ប្រចាំឆ្នាំ។ សម្រាប់​ម៉ោង Perseid Meteor Shower នឹង​បង្ហាញ​​ទស្សនីយភាព​បានល្អបំផុតនោះ គឺចាប់ពីម៉ោង​​ប្រមាណជា ១០៖៣០នាទីយប់ថ្ងៃអាទិត្យ​រហូតដល់​ម៉ោង​ ០៥៖០០នាទី​ទាបភ្លឺ​​ថ្ងៃ​ចន្ទ។
នា​ពេលកំណត់ខាងមុខនេះ ទេពច្យុត Perseid នឹងបញ្ចេញអាចម៍ផ្កាយដែលមានកន្ទុយ​​ពី ៦០ដុំ ទៅ ៧០ដុំ ក្នុងមួយ​ម៉ោង តិចជាង​ឆ្នាំមុនៗ​ដែលអាចមានរហូត​ដល់ ២០០ដុំឯណោះ។ ការបង្ហាញនេះ នឹងក្លាយជា​ទិដ្ឋភាពអស្ចារ្យ​ប្រៀបបីដូចជាគ្រាប់ពេជ្រ​រំលេចកន្ទុយ សំយ៉ុងចុះជា​ខ្សែមកលើបរិយាកាស​ផែនដី រួចក៏រលាយ​​បាត់ស្រមោល ដែលវានឹងមិន​បង្ក​ផលប៉ះពាល់អ្វីនោះ​​ឡើយ មកដល់ជីវិតនៅលើ​ភពផែនដី។
គួរជម្រាបថា បាតុភូតទេពច្យុត​ដ៏ល្បីឈ្មោះខាងលើនេះ តែងតែកើត​មានឡើង​ជារៀងរាល់​​រដូវក្តៅ​នៅអាមេរិក (Summer ចន្លោះខែ​កក្កដា និងខែកញ្ញា) នៅពេលភពផែនដី​យើង គោចរឆ្លងកាត់ដាន​នៃកម្ទេចកម្ទីរ និងធូលី ដែលបន្សល់ទុក​នៅក្នុងគន្លងផ្លូវ​​ធ្វើដំណើរ​​​​របស់អាចម៍ផ្កាយ​យក្សឈ្មោះ Swift-Tuttle ដែលរមែង​មកឆ្វែលកៀកផែនដី​ជារៀងរាល់ ១៣៣ឆ្នាំម្តង នៅក្នុងដំណើរ​ជុំវិញព្រះអាទិត្យ​​របស់វា​ជាមួយល្បឿនធ្វើ​ដំណើរ ៥៩គីឡូម៉ែត្រ​ក្នុងមួយវិនាទី។
ដោយឡែក​គេ​ហៅវា​នេះ​ថា Perseid Meteor Shower ​គឺដោយសារតែ​កញ្ចុំផ្កាយ​ឈ្មោះ Perseid ហាក់ដូចជា​ប្រភពនៃ​ទេពច្យុតនេះ​បង្ហាញខ្លួនចេញមក​នៅ​លើផ្ទៃមេឃ។ Swift-Tuttle មិនមែន​ជាអាចម៍​ផ្កាយតែ​មួយនោះឡើយ ដែលតែងតែ​បង្កឲ្យមានភ្លៀង​អាចម៍ផ្កាយ​លើ​ផែនដី។ «សូមបញ្ជាក់ថា ទាល់តែ​ផ្ទៃមេឃស្រឡះ​ស្អាត និងគ្មាន​ពពកសោះតែម្តង ទើបអាចមើល​ឃើញបាតុភូតធម្មជាតិ​ដ៏កម្រនេះ​បាន»៕