មានការទម្លាយព័ត៌មានថា កាណាដា​ត្រៀមស្នើសុំ​សម្ព័ន្ធមិត្ត​ធំៗ​ជួយផ្សះផ្សា​​ជម្លោះរវាង​អារ៉ាប៊ីសាអូឌីត ប៉ុន្តែអាមេរិក​​​ឆ្លើយបដិសេធ​ទុកជា​មុន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មានការទម្លាយព័ត៌មានថា កាណាដា​ត្រៀមស្នើសុំ​សម្ព័ន្ធមិត្ត​ធំៗ​ជួយផ្សះផ្សា​​ជម្លោះរវាង​អារ៉ាប៊ីសាអូឌីត ប៉ុន្តែអាមេរិក​​​ឆ្លើយបដិសេធ​ទុកជា​មុន!

08/08/2018
(កាណាដា)៖ ប្រភពពីមន្ត្រី​រដ្ឋាភិបាល​កាណាដា​បានឱ្យដឹងថា កាណាដា​​មានផែនការស្នើសុំឱ្យ​ប្រទេសអេមីរ៉ាតអារ៉ាប់រួម អង់គ្លេស ព្រមទាំង​សហរដ្ឋអាមេរិក ជួយផ្សះផ្សា​ជម្លោះការទូត​បច្ចុប្បន្ន​ ជាមួយប្រទេស​អារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ ព្រមពេល​ជាមួយគ្នា​ទីក្រុងវ៉ាស៊ីនតោន​បានប្រាប់ជាមុនថា ខ្លួននឹងមិនលូកដៃក្នុង​ជម្លោះនេះ​ទេ។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យកន្លងទៅ បានបណ្ដេញអគ្គរដ្ឋទូត​កាណាដា ចេញពីប្រទេស ក៏ដូចជាផ្អាកជើងហោះហើរ ការវិនិយោគ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្មីៗ​រវាងប្រទេសទាំង​ពីរផងដែរ​ដោយចោទថា កំពុងលូកដៃចូល​កិច្ចការផ្ទៃក្នុង​របស់ខ្លួន​បន្ទាប់ពីរដ្ឋាភិបាល​ទីក្រុងអូតតាវ៉ា ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស ជាពិសេសសិទ្ធិ​ស្ត្រីនៅ​អារ៉ាប៊ីសាអូឌីត។
លើសពីនេះ​ទៅទៀត ជម្លោះនេះមិន​បានធូរស្រាលទេ ក្រោយក្រសួង​ការបរទេសកាណាដា​បានបញ្ជាក់ថា នឹងមិនផ្លាស់​គោលជំហរ របស់ខ្លួន​ឡើយ ពោលគឺនៅតែបន្ត​គាស់រំលើងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីនៅ​អារ៉ាប៊ីសាអូឌីត ឬមិនថា​នៅទីណានោះទេ។ តែ​យ៉ាងនេះក្ដី ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដោយផ្អែកលើ​ប្រភពពីមិនបញ្ចេញ​ឈ្មោះ​ ពីមន្ត្រីកាណាដាជា​ច្រើននាក់បាន​ឱ្យដឹងថា រដ្ឋាភិបាល​កាណាដា​នឹងស្នើសុំឱ្យប្រទេស​ អេមីរ៉ាតអារ៉ាប់រួម អង់គ្លេស ព្រមទាំង​សហរដ្ឋអាមេរិក ​ជួយផ្សះផ្សាជម្លោះ​ការទូត​បច្ចុប្បន្នជាមួយអារ៉ាប៊ីសាអូឌីត។ «គន្លឹះដ៏សំខាន់​គឺធ្វើការជាមួយសម្ព័ន្ធមិត្ត និងមិត្តនៅក្នុង​តំបន់ឱ្យជួយបន្ធូរបន្ថយ​ជម្លោះនេះដែល អាចនឹងត្រូវ​ធ្វើឡើងក្នុងពេល​ឆាប់ៗនេះ»។ នេះបើតាមប្រភព​ខាងលើ​ដដែល។
គួរបញ្ជាក់ថា រដ្ឋាភិបាល​កាណាដាមិនទាន់ធ្វើ​ការអត្ថាធិប្បាយណាមួយ​ ជុំវិញ​សេចក្ដីរាយការណ៍​នេះទេ ខណៈ​សហរដ្ឋអាមេរិក​តាមរយៈអ្នកនាំ​ពាក្យក្រសួងការបរទេស​លោកស្រី Heather Nauert អះអាងរួចជាស្រេចថា ទីក្រុងវ៉ាស៊ីនតោននឹងមិនលូកដៃ​ចូលក្នុងជម្លោះ នេះឡើយ ដោយទុកឱ្យភាគី​ទាំងពីរដោះស្រាយជម្លោះ​ដោយខ្លួនឯងទៅចុះ៕