(ប្រទេសរុស្)៖ ក្រោយការបុកគ្នាជាមួយឧទ្ធម្ភាគចក្រមួយទៀត ឧទ្ធម្ភាគចក្ររុស្ស៊ី១គ្រឿងបានធ្លាក់កាលពីព្រឹកថ្ងៃទី៤ សីហា នៅភាគខាងជើងតំបន់ស៊ីបេរី បណ្ដាលឲ្យមនុស្សស្លាប់១៨នាក់។ នេះជាការប្រកាសរបស់ក្រសួងដឹកជញ្ជូនរុស្ស៊ី។ ហើយជនរងគ្រោះទាំងនេះជិះឧទ្ធម្ភាគចក្រនោះទៅធ្វើការនៅឯស្ថានីយ៍ប្រេងមួយ។
ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានសមាជិកក្រុមយានិក៣នាក់ និងនិយោជិតស្ថានីយប្រេង១៥នាក់។ ឧទ្ធម្ភាគចក្រធុន MI-8 នេះ ក្រោយហោះចេញបន្តិចជាមួយប្រព័ន្ធដឹកជញ្ជូនសម្ភារភ្ជាប់ជាមួយឧទ្ធម្ភាគចក្រមួយទៀត បានបុកគ្នា។ ហើយឧទ្ធម្ភាចក្រទី២ ក្រោយបុកគ្នាអាចចុះដោយគ្មានបញ្ហា។
គ្រោះថ្នាក់នោះកើតមាននៅទីតាំងប្រេងវ៉ានកូ ជាតំបន់ប្រេងកាត និងឧស្ម័នសំខាន់មួយ ស្ថិតនៅខាងជើងតំបន់ KRASNOIARSK ហើយធ្វើអាជីវកម្មដោយក្រុមហ៊ុនប្រេងជាតិROSNEFT។ នៅទីនោះមានអណ្ដូងប្រេងកាតជាច្រើនរយហើយស្ថិតមិនឆ្ងាយប៉ុន្មានពីប៉ូលផែនដី។ ដោយសារលក្ខខណ្ឌអាកាសធាតុនៅទីនោះ មានការលំបាកខ្លាំង ព្រោះត្រជាក់ បណ្ដានិយោជិតត្រូវប្ដូរវេនគ្នាធ្វើការ រួចការធ្វើដំណើរពឹងផ្អែកជាពិសេសលើឧទ្ធម្ភាគចក្រ។
ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់ជារបស់ក្រុមហ៊ុនជាតិរុស្ស៊ី UTAIR ដែលបញ្ជាក់ថា គ្រោះថ្នាក់កើតមាននាវេលាម៉ោង២និង៤៣នាទីរំលងអាធ្រាត្រពេលហោះឡើងពីស្ថានីយប្រេងសំខាន់នៅវ៉ានកូ។ ក្រសួងដឹកជញ្ជូនប្រកាសថា គណៈកម្មការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ដើម្បីរកមូលហេតុនៃគ្រោះថ្នាក់ដែលអាចមកពីបំណងឧក្រិដ្ឋណាមួយ៕
