(ប្រទេសតួកគី)៖ ប្រធានាធិបតីតួកគីលោករីស៊ីប តៃយីបអ័រដូហ្គាន បានស្នើកាលពីថ្ងៃទី៤សីហា ឲ្យផ្អឹបទុកទ្រព្យសម្បិត្តរបស់បណ្ដាអ្នកទទួលខុសត្រូវអាមេរិកដែលមាននៅតួកគី ជាការតបតវិញ ចំពោះទណ្ឌកម្មប្រហាក់ប្រហែលគ្នានោះដែលក្រុងវ៉ាស៊ិនតោន បានដាក់ប្រឆាំងតួកគី ទាក់ទិននឹងការឃុំឃាំងគ្រូប្រដៅសាសនាអាមេរិកម្នាក់។
ទោះបីយ៉ាងណាប្រធានាធិបតីតួកគី ហាក់ដូចជាចង់ទប់ការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំង២ ដែលសុទ្ធតែជាសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ ខណៈដែលសេដ្ឋកិច្ឋតួកគី កំពុងមានភាពផុយស្រួយស្រាប់ អាចរងការប៉ះពាល់ធ្ងន់ធ្ងរតាមរយៈទណ្ឌកម្មបន្ថែមទៀត។
ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនាទីក្រុងអង់ការ៉ា លោកអ័រដូហ្គានថ្លែងថា រហូតដល់យប់ថ្ងៃទី៣សីហា យើងនៅតែមានការអត់ធ្មត់។ ពេលនេះខ្ញុំផ្ដល់ការណែនាំថា យើងនឹងផ្អឹបទុកទ្រព្យសម្បត្តិនៅតួកគីរបស់រដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីមហាផ្ទៃអាមេរិក។
សេចក្ដីថ្លែងការណ៍នេះជាការឆ្លើយតបដោយផ្ទាល់ ចំពោះការសម្រេចរបស់អាមេរិក ដាក់ទណ្ឌកម្មរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីយុត្តិធម៌តួកគី ដែលទទួលការចោទប្រកាន់ថា ជាប់ទាក់ទិនដោយផ្ទាល់នឹងការបន្តឃុំខ្លួនគ្រូប្រដៅសាសនាអាមេរិកលោក ANDREW BRUNSON៕