​មនុស្សយ៉ាងតិច៣នាក់ស្លាប់ ក្រោយរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារកោះឥណ្ឌូណេស៊ី Lombok ខណៈសារ​ប្រកាសអាសន្ន​រលក​ស៊ូណាមិ ត្រូវដកចេញវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​មនុស្សយ៉ាងតិច៣នាក់ស្លាប់ ក្រោយរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារកោះឥណ្ឌូណេស៊ី Lombok ខណៈសារ​ប្រកាសអាសន្ន​រលក​ស៊ូណាមិ ត្រូវដកចេញវិញ

06/08/2018
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានឲ្យដឹងថា មនុស្សយ៉ាងតិច០៣នាក់បានបាត់បង់ជីវិត ក្រោយការវាយប្រហារដោយ​គ្រោះ​រញ្ជួយដី​កម្រិត​ធ្ងន់មួយ ទៅលើកោះទេសចរណ៍​ដ៏ល្បី លុមបុក (Lombok) ភាគកណ្តាលប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន New York Times នៅយប់ថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។
ប្រភពដដែលបានបញ្ជាក់ថា ដោយសារមានបញ្ហាដាច់បណ្តាញចរន្តអគ្គិសនី ស្ថានកាណ៍ទាំងស្រុង ពុំទាន់អាចត្រូវវាយតម្លៃ​បាន​ជាក់​លាក់នៅឡើយទេ ប៉ុន្តែមនុស្សយ៉ាងហោចណាស់​ចំនួន០៣នាក់ បានបាត់បង់ជីវិត។ ជាមួយគ្នានេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី ក៏បាន​ដក​​​ការប្រកាសអាសន្នស្តីពីរលកស៊ូណាមិចេញវិញផងដែរ បន្ទាប់ពីត្រូវបានដាក់ចេញភ្លាមៗ ក្រោយការវាយលុកពីរញ្ជួយដីនាប៉ុន្មាន​ម៉ោង​មុននេះ។
គួរជម្រាបថា បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ មានឥទ្ធិពល​៧.០​រ៉ិចទ័រ និងមានជម្រៅ​​១០គីឡូម៉ែត្រក្រោមផ្ទៃដី។ អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានទទួលរង​គ្រោះពីរញ្ជួយដីយ៉ាងញឹកញាប់ ដោយកាលពីចុងខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយ​កម្រិត​​ ៦.៤រ៉ិចទ័រ ដែលមាន​ជម្រៅត្រឹម០៧គីឡូ​ម៉ែត្រ​​ប៉ុណ្ណោះនោះ បានវាយប្រហារ​លើកោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៤នាក់ និងបណ្តាលឲ្យ​របួស​ជាង​​១៦០នាក់។ គ្រោះរញ្ជួយដី​​តែងកើតមានឡើង​ជាញឹកញាប់ នៅប្រទេស​អាស៊ានមួយនេះ គឺដោយសារតែ​ឥណ្ឌូណេស៊ី មានទីតាំង​ភូមិសាស្រ្តស្ថិត​​នៅចំពីលើតំបន់ខ្សែ​ក្រវាត់ភ្នំភ្លើង​ ដែលគេហៅថា Pacific Ring of Fire៕