ខ្សែប្រយុទ្ធស្លាប Neymar ក្នុងថ្ងៃនេះ បាននិយាយថា ខ្លួននឹងបន្តនៅ PSG កីឡាករបានថ្លែងប្រាប់សារព័ត៌មាន Fox Sports ថា៖ "ខ្ញុំនឹងបន្តនៅ PSG។ ខ្ញុំមានកុងត្រាជាមួយក្លឹប ហើយខ្ញុំជ្រើសរើសទីនេះ ដើម្បីការប្រកួតប្រជែង និងគោលដៅថ្មី និងខ្ពស់ជាងមុន។ ខ្ញុំនឹងមិនប្ដូរចិត្តរបស់ខ្ញុំឡើយ ទាក់ទងនឹងការសម្រេចចិត្តមួយនេះ។ ខ្ញុំសង្ឃឹមថា យើងនឹងមានរដូវកាលមួយដ៏ជោគជ័យ ហើយសង្ឃឹមថានឹងឈ្នះពានថ្មីៗមួយចំនួនផងដែរ"។
ខ្សែស្លាបប្រេស៊ីលបានបន្ត៖ "ប្រព័ន្ធផ្សព្វផ្សាយចូលចិត្តបង្កើតពាក្យចចាមអារ៉ាមដល់ហើយ ប៉ុន្តែអ្នកគ្រប់គ្នាសុទ្ធតែដឹងហើយ ថាខ្ញុំខ្វល់ខ្វាយ ពី PSG ខ្លាំងប៉ុនណានោះ"។
សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ជាពិសេសក្រោយពេលខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីក្លឹប Real Madrid មានពាក្យចចាមអារ៉ាម និងរបាយការណ៍ជាច្រើន ដែលបានចុះផ្សាយថា ក្លឹបបានកំពុងតាមយ៉ាងប្រកៀកប្រកិតក្នុងការទិញ Neymar ពី PSG។ មិនតែប៉ុណ្ណោះ មានកីឡាកររបស់ក្លឹបយក្សអេស្ប៉ាញមួយនេះ មិនតិចនោះទេ ដែលកន្លងមក បានបង្ហាញអារម្មណ៍ទទួលស្វាគមន៍ខ្សែប្រយុទ្ធស្លាបប្រេស៊ីលមកចូលរួមជាមួយខ្លួន៕
ប្រភព៖ Goal
