ផលិតផលជាច្រើនប្រភេទ ច្រើនទម្រង់ ត្រូវបានភ្ជាប់ជាមួយរូបភាពរបស់ Ronaldo ស្ទើរគ្មានចន្លោះ រាប់តាំងពីម៉ាកល្បីដូចជា Nike ដែលគេប្រើទូទាំងពិភពលោក រហូតដល់ក្រដាសអនាម័យប្រើក្នុងបង្គន់ក៏រំលេចរូបភាពតារាឆ្នើមព័រទុយហ្គាល់ដែរ។
ហាងលក់ទំនិញជាច្រើនក្នុងទីក្រុង Naples បាននិងកំពុងលក់ក្រដាសអនាម័យពិសេសរបស់ Ronaldo ក្នុងឈុតបង្កង់ខ្មៅសរបស់ក្លិប Juventus។ នេះបើតាមសារព័ត៌មាន RT របស់រុស្ស៊ី។
ម្ចាស់ពាន Ballon d'Or ៥សម័យកាលបានធ្វើសន្និសីទសារពត៌មាននៅក្លឹប Juventus កាលពីដើមសប្តាហ៍ ដែលបានជួបជាមួយក្រុមអ្នកគាំទ្រជាច្រើនដើម្បីស្វាគមន៍អាយដលរបស់ពួកគេ។
Ronaldo បានចាកចេញពីក្លឹបយក្សអេស្ប៉ាញទៅចូលរួមជាមួយ Juventus ក្នុងតម្លៃ ១១៧ លានដុល្លារអាមេរិក។ ការចាកចេញរបស់ Ronaldo ត្រូវបានគេភ្ជាប់ទៅនឹងបញ្ហាពន្ធដ៏ស្មុគស្មាញនៅប្រទេសអេស្ប៉ាញ បើទោះជាសាមីខ្លួនធ្លាប់បានលើកឡើងថា Juventus ជាក្លឹបដែលអតីតកីឡាករ Man United និង Real Madrid ចង់លេងឲ្យតាំងពីក្មេងក៏ដោយ៕
ប្រភព៖ RT
