អ្នកដែលធ្វើការរកស៊ី នៅប្រទេសអេស្ប៉ាញគ្រប់រូប មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល។ បើតាមច្បាប់បង់ពន្ធឆ្នាំ២០១៦ ប្រាក់ចំណូលចាប់ពី១២ ៤៥០ អឺរ៉ូ ទៅដល់ ៦០០ ០០០ អឺរ៉ូ ត្រូវបង់ពន្ធចាប់ ពី១៩% ទៅ៤៥%។
ដោយឡែករដ្ឋបានកំណត់ "ពន្ធពិសេសសម្រាប់ជនបរទេស ធ្វើការនៅអេស្ប៉ាញ" ដែលធូរប្រមាណពាក់កណ្ដាលបើធៀប នឹងការបង់ពន្ធទូទៅ។ ការកំណត់បែបនេះ មានគោលបំណង លើកទឹកចិត្តឲ្យអ្នកមានទេពកោសល្យ និង កំពូលកីឡាករជុំវិញពិភពលោក ទៅប្រកបអាជីពនៅប្រទេសនេះ។
ច្បាប់នេះ ជួនកាលគេហៅថា "ច្បាប់ Beckham ឬ (Beckham Law)” ព្រោះកាលពីឆ្នាំ២០០៣ ពេល David Beckham ទៅលេងឲ្យ Real Madrid គាត់ចំណេញថ្លៃបង់ពន្ធពាក់កណ្ដាល ពោលគឺ Beckham បង់ត្រឹម ២៤% ប៉ុណ្ណោះ។
ច្បាប់លើពន្ធពិសេសនេះ តម្រូវឲ្យបង់ត្រឹម ២៤% ចំពោះចំណូលក្រោម ៦០០ ០០០ អឺរ៉ូ តែបើលើសពីនេះ នៅតែត្រូវបង់ ៤៥% ដដែល។ លក្ខណៈពិសេសមួយទៀតរបស់ "ច្បាប់ Beckham” គឺ មិនថាចំណូលច្រើនប៉ុណ្ណាក៏ដោយ បង់ពន្ធត្រឹម២៤% ទេ ក្នុងរយៈពេល៥ ឆ្នាំដំបូង ផុតពីនោះ ៤៥% ដដែល។ ដោយឡែក Ronaldo នៅជាមួយ Real Madrid ជិត១០ឆ្នាំហើយបន្ទាប់ពីចាកចេញពីក្លឹបបិសាចក្រហម មកទឹកដីអេស្ប៉ាញកាលពីឆ្នាំ២០០៩។
បើតាមសារព័ត៌មាន Goal បន្ទាប់ពីកាត់ពន្ធរួច ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ Ronaldo នៅសល់ប្រមាណ ១៩ លានផោន (ប្រហែល ២៥ លានដុល្លារ) បានន័យថា ពន្ធលើប្រាក់ចំណូល៤៥%របស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះដែលត្រូវបង់ឲ្យរដ្ឋាភិបាលអេស្ប៉ាញ គិតជាទឹកប្រាក់ប្រមាណ ២០ លានដុល្លារក្នុង១ឆ្នាំ គឺលុយបង់ពន្ធជិតស្មើនឹងលុយញើសឈាមដែលអតីតកីឡាករ Real Madrid រូបនេះ ត្រូវទទួល។
ជារួម កីឡាករមានតម្លៃខ្លួនកប់ពពកនៅអេស្ប៉ាញ ដូចប្រឹងរកលុយបាន តែត្រូវចែកម្នាក់ពាក់កណ្ដាលជាមួយរដ្ឋាភិបាលអ៊ីចឹង។ ដូច្នេះហើយបានជាកំពូលកីឡាករដូចជា Messi, Ronaldo និង Neymar សុទ្ធតែធ្លាប់ត្រូវបានតុលាការកោះហៅរឿងមិនបង់ពន្ធ។
កាលពីពាក់កណ្ដាលខែមុន ទីភ្នាក់ងារព័ត៌មាន Al Jazeera ដ៏មានប្រជាប្រិយភាពរបស់ប្រទេសកាតា បានផ្សាយថា Ronaldo បានព្រមបង់ពន្ធ ២១,៨ លានដុល្លារអាមេរិកដើម្បីបញ្ចប់រឿងក្តីជាមួយតុលាការអេស្ប៉ាញ ស្របពេលដែល ប្រធានលីគកំពូលអេស្ប៉ាញ លោក Javier Tebas ក៏បាននិយាយផងដែរថា Ronaldo ចេញពី Real អាចដោយសារប្រព័ន្ធពន្ធដ៏ស្មុគស្មាញនៅប្រទេសនេះ៕
ប្រភព៖ BBC | Aljazeera
