ខេត្តបាត់ដំបង៖ បុរសកំណាចម្នាក់បានប្រចណ្ឌប្រពន្ធរបស់ខ្លួនខុសទំនង រហូតលបចងអាឃាត ទាញកាំបិតកាប់នាង ប៉ងសម្លាប់ ហើយរត់គេចខ្លួនអស់រយៈពេល១១ថ្ងៃ ហើយកោរសក់បម្រុងបួសជាព្រះសង្ឃ តែអំពើអាក្រក់នោះបានហុចឲ្យយ៉ាងទាន់ហន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្រាវជាវរហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៨ នៅក្នុងវត្តបួនជួរ ស្ថិតក្នុងភូមិ៤ជួរ ឃុំស្នឹង ស្រុកបាណន់។

មន្ត្រីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនជាប់ចោទពាក់ព័ន្ធនឹងអំពើឃាតកម្ម ហើយត្រូវនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌរបស់ក្រសួងមហាផ្ទៃ សហការគ្នាស្រាវជ្រាវនោះ ឈ្មោះ ហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរជាជាងសំណង់ មានស្រុកកំណើតនៅភូមិព្រៃបឹង ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ រីឯស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ត្រេន ពៅ អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ។ ជនរងគ្រោះបានរងរបួសក្បាល និងកញ្ចឹងកស្ទើរដាច់ជាច់ ដោយសារប្ដីកំណាចនេះប៉ងកាប់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា នៅក្នុងបន្ទប់ជួលលេខ៦ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដដែល បានបន្តថា បើតាមរបាយការណ៍ស៊ើបអង្កេត ដែលសមត្ថកិច្ចទទួលបាន គឺជនសង្ស័យតែងតែប្រចណ្ឌប្រពន្ធរបស់ខ្លួននឹងអ្នកផ្សេង ហើយគេបានចោទស្រ្ដីរងគ្រោះជាប្រពន្ធថា បានផិតក្បត់ចិត្តរបស់គេ លួចមានប្រុសថ្មី។ ដោយសារតែភ្លើងនេះហើយ ទើបជនសង្ស័យបានលបកាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី៨ ខែកក្កដា នៅក្នុងបន្ទប់ជួលលេខ៦ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពេលកាប់ប្រហារប្រពន្ធរួចហើយ ជននេះបានរត់មកសំងំលាក់ខ្លួន នៅក្នុងទឹកដីខេត្តបាត់ដំបង អស់រយៈពេល១១ថ្ងៃ តែត្រូវកម្លាំងតាមស្រាវជ្រាវ រហូតក្របួចកបាន។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានធ្វើកំណត់ហេតុ ប្រគល់ខ្លួនជនសង្ស័យជូនទៅនគរបាលរាជធានីភ្នំពេញ នាំទៅចាត់ការតាមផ្លូវច្បាប់៕